អាជានិយសូត្រ

ក្បាលទី 29 · ទំព័រ 299

ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចម្រើនរបស់ព្រះរាជា ប្រកបដោយអង្គ ៥ ជាសេះគួរដល់ព្រះរាជា ជាទីប្រើប្រាស់របស់ព្រះរាជា ដល់ នូវការរាប់ថាជាអង្គរបស់ព្រះរាជាបាន ។ ប្រកបដោយអង្គ ៥ យ៉ាង គឺអ្វី ខ្លះ ។ គឺមានចិត្តត្រង់ ១ មានសន្ទុះលឿន ១ មានចិត្តទន់ ១ មានចិត្តអត់ធន់ ១ មានចិត្តស្ងប់ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចម្រើន របស់ព្រះរាជា ប្រកបដោយអង្គទាំង ៥ នេះ ទើបជាសេះគួរដល់ព្រះរាជា ជាទី ប្រើប្រាស់របស់ព្រះរាជា ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជាបាន ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ ក៏យ៉ាងនោះដែរ ទើបជាអ្នកគួរទទួល គ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរធ្វើអញ្ជលី ជា បុញ្ញក្ខេត្តរបស់សត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។ ប្រកបដោយអង្គ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមានចិត្តត្រង់ ១ មានសន្ទុះលឿន ១ មានចិត្តទន់ ១ មានចិត្តអំណត់ ១ មានចិត្តស្ងប់ស្ងៀម ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៥ យ៉ាងនេះ ទើបជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរដល់ទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តរបស់សត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន ។