អដ្ឋកថាចេតោខីលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងចេតោខីលសូត្រទី ៥ ដូចតទៅនេះ បទថា ចេតោខីលា បានដល់ ការរឹងត្អឹង ភាពជាសំរាម ភាពជាចម្រឹងនៃចិត្ត ។ បទថា សត្ថរិ កង្ខតិ សេចក្តីថា ភិក្ខុរមែងសង្ស័យក្នុងព្រះវរកាយ ឬក្នុងព្រះ គុណនៃព្រះសាស្តា ។ កាលសង្ស័យក្នុងព្រះវរកាយ រមែងសង្ស័យថា ព្រះវរ កាយ ឈ្មោះថា ប្រដាប់ដោយបុរិសលក្ខណៈ ៣២ មាន ឬមិនមានហ្ន៎ ដូច្នេះ កាលសង្ស័យក្នុងគុណ រមែងសង្ស័យថា ព្រះសព្វញ្ញុតញ្ញាណ ដែល អាចដឹងអតីត អនាគត និងបច្ចុប្បន្ន មាន ឬមិនមានហ្ន៎ ដូច្នេះ ។ បទថា វិចិកិច្ឆតិ បានដល់ ជ្រើសរើសលំបាក រមែងដល់នូវសេចក្តីលំបាក គឺមិន អាចសម្រេចបាន ។ បទថា នាធិមុច្ចតិ បានដល់ រមែងមិនបាននូវការបង្អោន ចិត្តជឿថា វត្ថុនោះយ៉ាងនេះ ។ បទថា ន សម្បសីទតិ សេចក្តីថា ឈម ចុះក្នុងគុណ ហើយក៏មិនអាចនឹងជ្រះថ្លា គឺមានចិត្តមិនល្អក់ ព្រោះមិនមាន សេចក្តីសង្ស័យ ។ បទថា អាតប្បាយ បានដល់ ដើម្បីធ្វើសេចក្តីព្យាយាមដុតបំផ្លាញនូវ កិលេស ។ បទថា អនុយោគាយ បានដល់ ដើម្បីការប្រកបរឿយៗ ។ បទថា សាតច្ចាយ បានដល់ ដើម្បីធ្វើជាប់តគ្នា ។ បទថា បធានាយ បានដល់ ដើម្បីតាំងសេចក្តីព្យាយាម ។ បទថា អយំ បឋមោ ចេតោខីលោ សេចក្តី ថា ភាវៈនេះ ជាភាពរឹងត្អឹងនៃចិត្តទី ១ គឺសេចក្តីសង្ស័យក្នុងព្រះសាស្តានេះ យ៉ាងនេះឯង ភិក្ខុនោះក៏មិនទាន់លះបាន ។ បទថា ធម្មេ គឺក្នុងបរិយត្តិធម៌ និងបដិវេធធម៌ ។ កាលសង្ស័យក្នុង បរិយត្តិធម៌ រមែងសង្ស័យថា អាចារ្យទាំងឡាយពោលថា ព្រះត្រៃបិដក មាន ពុទ្ធវចនៈ ៨៤០០០ ព្រះធម្មក្ខន្ធ ដូច្នេះ ព្រះពុទ្ធវចនៈនោះ មាន ឬមិនមាន ហ្ន៎ ដូច្នេះ ។