អដ្ឋកថាវិនិពន្ធសូត្រ

ក្បាលទី 29 · ទំព័រ 306

គប្បីជ្រាបវិនិច្ឆ័យក្នុងវិនិពន្ធសូត្រទី ៦ ដូចតទៅនេះ បទថា ចេតសោ វិនិពន្ធា បានដល់ កិលេស ឈ្មោះថា ចេតសោ វិនិពន្ធ ព្រោះទាញនូវចិត្ត ដូចធ្វើទុកក្នុងកណ្តាប់ដៃ ។ បទថា កាមេ បានដល់ ទាំង វត្ថុកាម ទាំងកិលេសកាម ។ បទថា កាយេ បានដល់ ក្នុងកាយរបស់ខ្លួន ។ បទថា រូបេ គឺក្នុងរូបខាងក្រៅ ។ បទថា យាវទត្ថំ បានដល់ តាមដែលខ្លួន ប្រាថ្នា ។ បទថា ឧទរាវទេហកំ បានដល់ អាហារដែលពេញពោះ អាហារ ដែលពេញពោះនោះ ហៅថា ឧទរាវទេហកំ ព្រោះដាក់ពេញពោះនោះ ។ បទថា សេយ្យសុខំ បានដល់ សេចក្តីសុខដោយការដេកលើគ្រែ ឬតាំង ឬ សេចក្តីសុខតាមរដូវ ។ បទថា បស្សសុខំ បានដល់ សេចក្តីសុខដែលកើតឡើង ដូចសេចក្តីសុខរបស់បុគ្គលដែលដេកបម្រះទៅជុំវិញទាំងខាងស្តាំ និង ខាងឆ្វេង ដូច្នោះ ។ បទថា មិទ្ធសុខំ គឺសុខក្នុងការដេកលក់ ។ បទថា អនុយុត្តោ បានដល់ ប្រកបសេចក្តីខ្វល់ខ្វាយ ។ បទថា បណិធាយ ប្រែថា ប្រាថ្នាហើយ ។ ចតុប្បារិសុទ្ធិសីល ឈ្មោះថា សីល ក្នុងបទជាដើមថា សីលេន ។ ការសមាទាន គឺកាន់យកវត្ត ឈ្មោះថា វត្ត ។ ការប្រព្រឹត្តតបៈ ឈ្មោះថា តប ព្រោះវៀរមេថុន ឈ្មោះថា ព្រហ្មចរិយ ។ បទថា ទេវោ វា ភវិស្សាមិ សេចក្តីថា អាត្មាអញនឹងជាទេវតាធំឬ ។ បទថា ទេវញ្ញតរោ វា សេចក្តីថា ឬនឹងជាទេវតាតូចអង្គឯណានីមួយ ។