មធុរាសូត្រ
ក្បាលទី 29 · ទំព័រ 326
ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺទីមិនស្មើ ១ មានធូលីច្រើន ១ មានឆ្កែ សាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង ។ អក្កោសកវគ្គទី ២ ចប់ ឧទ្ទាននៃអក្កោសកវគ្គនោះ គឺ ពោលអំពីរឿងជេរប្រទេច ១ អំពីរឿងប្រកួតប្រកាន់ ១ អំពីសីល ១ អំពីរឿងនិយាយច្រើន ១ អំពីសេចក្តី មិនអត់ធន់ ២ រឿង អំពីសេចក្តីមិនជ្រះថ្លា ២ រឿង អំពីទោសក្នុងភ្លើង ១ អំពីទោសក្នុងដែនមធុរា ១ ។