អដ្ឋកថាមធុរាសូត្រ

ក្បាលទី 29 · ទំព័រ 326

គប្បីជ្រាបវិនិច្ឆ័យក្នុងមធុរាសូត្រទី ១០ ដូចតទៅនេះ បទថា បញ្ចិមេ ភិក្ខវេ អាទីនវា មធុរាយំ សេចក្តីថា សម័យមួយ ព្រះមានព្រះភាគ មានពួកភិក្ខុចោមរោមហើយ កាលទ្រង់ចារិកទៅដល់មធុរានគរ ទើបប្រារព្ធ ចូលទៅខាងក្នុងព្រះនគរ ។ គ្រានោះ យក្ខិនីមួយជាមិច្ឆាទិដ្ឋិ អាក្រាតកាយ លាដៃទាំង ២ ចេញ លៀនអណ្តាត ឈរខាងមុខព្រះទសពល ព្រះសាស្តា មិនចូលខាងក្នុងព្រះនគរ ហើយយាងចេញអំពីទីនោះ ទ្រង់ទៅកាន់វិហារ ។ មហាជនកាន់យករបស់ទំពា របស់បរិភោគ និងគ្រឿងសក្ការៈបូជាទៅកាន់ វិហារ បានថ្វាយទានដល់ភិក្ខុសង្ឃ ដែលមានព្រះពុទ្ធជាប្រធាន ព្រះសាស្តា ទ្រង់ប្រារព្ធព្រះសូត្រនេះ ដើម្បីទ្រង់ដាក់និគ្គហនគរនោះ ។ បណ្តាបទទាំងនោះ បទថា វិសមា បានដល់ មានផ្ទៃដីមិនរាបស្មើ ។ បទថា ពហុរជា បានដល់ ក្នុងកាលខ្យល់បក់ បានហាក់ដូចជាត្រូវគំនរធូលីហុយឡើង គ្រប ដណ្តប់ទុក ។ ពាក្យដ៏សេស ក្នុងបទទាំងពួងមានអត្ថងាយយល់ហើយ ។