សោភនសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 346

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងញ៉ាំងអាវាសឲ្យល្អ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ភិក្ខុជាចៅអាវាស ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សា ក្នុងសិក្ខាបទ ទាំងឡាយ ១ ជាពហុស្សូត ។ បេ ។ ចាក់ធ្លុះដោយសេចក្តីយល់ ១ ជាអ្នក មានវាចាពីរោះ និយាយពីរោះ ប្រកបដោយសំដីនៃអ្នកក្រុង ជាសម្តីច្បាស់លាស់ ជាវាចាប្រាសចាកទោស អាចញ៉ាំងមហាជនឲ្យដឹងសេចក្តីបាន ១ ជា អ្នកអង់អាច ដើម្បីពន្យល់មនុស្សដែលបានមករកខ្លួន ឲ្យឃើញច្បាស់ ឲ្យ កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ១ ជាអ្នកបានដូចសេចក្តី ប្រាថ្នា បានមិនលំបាក បានបរិបូណ៌នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្ត ដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាចៅអាវាស ប្រកបដោយធម៌ ៥ នេះ រមែងញ៉ាំងអាវាសឲ្យល្អ ។ ៥