អដ្ឋកថា ពហុបការសូត្រ

ក្បាលទី 29 · ទំព័រ 347

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងជាអ្នកមានឧបការៈច្រើនដល់អាវាស ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស ជាអ្នកមានសីល ។ បេ ។ សមាទានសិក្សាក្នុង សិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ។ បេ ។ ចាក់ធ្លុះដោយសេចក្តីយល់ ១ ជួសជុលទីសេនាសនៈដែលបាក់បែក ១ មានភិក្ខុសង្ឃជាច្រើននិមន្តចូលមកភិក្ខុ ទាំងឡាយមកអំពីដែនផ្សេងៗ គ្នា ភិក្ខុជាចៅអាវាសក៏ចូលទៅប្រាប់ដល់ គ្រហស្ថទាំងឡាយថា ម្នាលអាវុសោទាំងឡាយ មានភិក្ខុសង្ឃជាច្រើន ភិក្ខុ ទាំងឡាយមកអំពីដែនផ្សេងៗ គ្នា អ្នកទាំងឡាយ ចូរធ្វើបុណ្យ ពេលនេះជា ពេលត្រូវធ្វើបុណ្យ ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានមិនលំបាក បានបរិបូណ៌ នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុង បច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ ប្រការនេះ រមែងជាអ្នកមានឧបការៈច្រើនដល់អាវាស ។