អដ្ឋកថា អនុកម្បកសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាសប្រកបដោយធម៌ ៥ យ៉ាង រមែងជាអ្នកអនុគ្រោះដល់ពួកគ្រហស្ថ ។ ប្រកបដោយធម៌ ៥ យ៉ាង គឺ អ្វីខ្លះ ។ គឺភិក្ខុជាចៅអាវាស ណែនាំគ្រហស្ថឲ្យតាំងនៅក្នុងអធិសីល ១ ណែនាំឲ្យ ឃើញធម៌ ១ ចូលទៅជិតមនុស្សមានជំងឺហើយ រពឫកឲ្យមានស្មារតីថា នែអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរតម្កល់ទុកនូវស្មារតី ឲ្យតាំង នៅក្នុងអរហគុណ ១ មានភិក្ខុសង្ឃចូលមកច្រើន ភិក្ខុទាំងឡាយមកអំពីដែន ផ្សេងៗ ភិក្ខុចៅអាវាសចូលទៅប្រាប់ពួកគ្រហស្ថថា ម្នាលអាវុសោទាំងឡាយ មានភិក្ខុសង្ឃចូលមកច្រើន ភិក្ខុទាំងឡាយមកអំពីដែនផ្សេងៗ អ្នកទាំងឡាយ ចូរនាំគ្នាធ្វើបុណ្យ ពេលនេះជាពេលគួរធ្វើបុណ្យ ១ ពួកទាយកប្រគេនភោជន ណាដល់ភិក្ខុនោះ ជារបស់សៅហ្មងក្តី ល្អក្តី ខ្លួនឯង ក៏បរិភោគភោជននោះ មិនធ្វើសទ្ធាទេយ្យរបស់ទាយកឲ្យធ្លាក់ចុះ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា ចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងជាអ្នកអនុគ្រោះដល់ពួក គ្រហស្ថ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអនុកម្បកសូត្រទី ៥ ដូចតទៅនេះ បទថា អធិសីលេសុ បានដល់ ក្នុងសីល ៥ ។ បទថា ធម្មទស្សនេ និវេសេតិ បានដល់ ឲ្យតាំងនៅក្នុងធម្មទស្សនៈ គឺសច្ចៈ ៤ ។ បទថា អរហគ្គតំ បានដល់ តាំងសតិប្រព្រឹត្តទៅក្នុងព្រះរតនត្រ័យដ៏សមគួរ ដល់ សក្ការៈទាំងពួង ។ អធិប្បាយថា លោកចូលទៅតាំងសេចក្តីគោរព កោត ក្រែងក្នុងព្រះរតនត្រ័យនោះឯង ដូច្នេះ ។