បុគ្គលប្បសាទសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមាន ក្នុង សេចក្តីជ្រះថ្លាចំពោះបុគ្គល ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជ្រះថ្លា ក្នុងបុគ្គលណា បុគ្គលនោះ ត្រូវអាបត្តិ តាមដែលសង្ឃលើក វត្តនោះ បុគ្គលអ្នកជ្រះថ្លានោះ ត្រិះរិះយ៉ាងនេះថា បុគ្គលណា ជាទីស្រឡាញ់ ពេញចិត្តរបស់អញ បុគ្គលនោះត្រូវសង្ឃលើកវត្តហើយដូច្នេះ ក៏ច្រើនតែមិន ជ្រះថ្លា ក្នុងពួកភិក្ខុ កាលមិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុហើយ ក៏មិនសេពគប់ នឹងពួកភិក្ខុដទៃ កាលមិនសេពគប់នឹងពួកភិក្ខុដទៃហើយ ក៏មិនស្តាប់ព្រះសទ្ធម្មក ាលមិនស្តាប់ព្រះសទ្ធម្មហើយ រមែងសាបសូន្យចាកព្រះសទ្ធម្ម ម្នាលភិក្ខុ ទាំងឡាយ នេះជាទោសទី ១ ក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត បុគ្គលជ្រះថ្លា ក្នុងបុគ្គលណា បុគ្គលនោះ ត្រូវអាបត្តិ តាមដែលសង្ឃ ឲ្យបុគ្គលនោះអង្គុយក្នុងទីបំផុតនោះ បុគ្គលអ្នកជ្រះថ្លានោះ ត្រិះរិះយ៉ាងនេះថា បុគ្គលណាជាទីស្រឡាញ់ពេញចិត្តរបស់អញ បុគ្គលនោះ ត្រូវសង្ឃឲ្យអង្គុយ ក្នុងទីចុងគេបំផុត ដូច្នេះ ក៏មិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុ កាលមិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុហើយ ក៏មិនសេពគប់នឹងពួកភិក្ខុដទៃ កាលបើ មិនសេពគប់នឹងពួកភិក្ខុដទៃហើយ ក៏មិនបានស្តាប់ព្រះសទ្ធម្ម កាលបើមិន បានស្តាប់ព្រះសទ្ធម្មហើយ ក៏សាបសូន្យចាកព្រះសទ្ធម្ម ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី ២ ក្នុងសេចក្តីជ្រះថ្លា ចំពោះបុគ្គល ។