បឋមសារាណិយសូត្រ

ក្បាលទី 29 · ទំព័រ 407

ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ( ធម៌គួររពឫក ) នេះ មាន ៦ យ៉ាង ។ សារាណីយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះ សព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារ ាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត ភិក្ខុអ្នកបរិភោគ មិនញែកមុខដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែ របស់ដែលមានក្នុងបាត្រ ជាអ្នកបរិភោគជាសាធារណៈ ដោយសព្រហ្មចារី ទាំងឡាយដែលមានសីល នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ក្នុងសីល ទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីល រួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិ ប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមាន សេចក្តីយល់ឃើញស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទ ស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់ទៅនៃកងទុក្ខដោយប្រពៃ ដល់អ្នកធ្វើ តាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។