អដ្ឋកថាមេត្តាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមេត្តាសូត្រទី ៣ ដូចតទៅនេះ បទថា និស្សារណីយា ធាតុយោ បានដល់ ធាតុដែលជាផ្លូវចេញទៅ ។ ក្នុងបទថា មេត្តា ហិ ខោ មេ ចេតោវិមុត្តិ នេះ មានអធិប្បាយថា មេត្តានោះឯង ដែលប្រព្រឹត្តទៅក្នុងឈានពួក ៣ ឬពួក ៤ ឈ្មោះថា មេត្តាចេតោវិមុត្តិ ព្រោះរួចផុតចាកធម៌ដែលជាសឹកសត្រូវទាំងឡាយ ។ បទថា ភាវិតា គឺឲ្យចម្រើនហើយ ។ បទថា ពហុលីកតា គឺធ្វើ ហើយរឿយៗ ។ បទថា យានីកតា គឺធ្វើឲ្យដូចជាយានដែលទឹមហើយ ។ បទថា វត្ថុកតា គឺធ្វើឲ្យជាទីតាំង ។ បទថា អនុដ្ឋិតា គឺតាំងមាំហើយ ។ បទថា បរិចិតា សេចក្តីថា ផ្តើម គឺសន្សំ បានដល់ អប់រំហើយដោយ ប្រពៃ ។ បទថា សុសមារទ្ធា បានដល់ ប្រារព្ធដោយល្អ ដោយធ្វើឲ្យស្ទាត់ជំនាញ យ៉ាងល្អ ។ បទថា បរិយាទាយ តិដ្ឋតិ បានដល់ ប្រកាន់ គឺប្រកាន់ តាំងនៅ ។ បទថា មា ហេវន្តិស្ស វចនីយោ សេចក្តីថា ព្រោះហេតុ ដែលភិក្ខុនោះ ព្យាករមិនពិតដូច្នោះ ទើបភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយពោលថា លោកកុំពោលយ៉ាងនេះ ។ បទថា យទិទំ មេត្តាចេតោវិមុត្តិ បានដល់ មេត្តាចេតោវិមុត្តិនេះ ។ ពាក្យថា មេត្តាចេតោវិមុត្តិ នេះ ជាផ្លូវចេញទៅនៃព្យាបាទ អធិប្បាយថា ជា ការរលាស់ព្យាបាទចេញទៅ ។ បុគ្គលណាចេញអំពីតិកជ្ឈាន ចតុក្កជ្ឈាន ដោយមេត្តាភាវនា ហើយពិចារណាសង្ខារទាំងឡាយ សម្រេចមគ្គទី ៣ ដឹង ថា ព្យាបាទនឹងមិនមានទៀត ដូច្នេះ រមែងឃើញព្រះនិព្វានដោយតតិយផល ចិត្តរបស់បុគ្គលនោះ ជាផ្លូវចេញទៅដោយចំណែកមួយនៃព្យាបាទ ។ ក្នុងបទ ទាំងអស់ គប្បីជ្រាបអធិប្បាយដោយឧបាយនេះ ។ បទថា អនិមិត្តា ចេតោវិមុត្តិ បានដល់ វិបស្សនាដែលមានកម្លាំង ឯអាចារ្យអ្នកពោលទីឃនិកាយ ពោលថា បានដល់ សមាបត្តិដែលសម្បយុត្តដោយអរហត្តផល ។