អដ្ឋកថាបឋមមរណស្សតិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមមរណស្សតិសូត្រទី ៩ ដូចតទៅ នេះ បទថា នាទិកេ បានដល់ ក្នុងស្រុកដែលមានឈ្មោះយ៉ាងនេះ ។ បទថា គិញ្ជកាវសថេ បានដល់ ក្នុងប្រាសាទដែលធ្វើដោយឥដ្ឋ ។ បទថា អមតោគធា បានដល់ ឈមចុះកាន់ព្រះនិព្វាន អធិប្បាយថា ចូលកាន់ព្រះ និព្វាន ។ បទថា អហោ វត ជានិបាត ចុះក្នុងអត្ថថា ទីបំផុត ។ បទថា ភាវេថ នោ ប្រែថា ចូរចម្រើនចុះ ។ បទថា មរណស្សតឹ បានដល់ មរណស្សតិកម្មដ្ឋាន ។ សព្ទថា អហោ វត ជានិបាត ចុះក្នុងអត្ថថា ប្រាថ្នា ។ បទថា ពហុ វត មេ កតំ អស្ស សេចក្តីថា កិច្ចរបស់ខ្ញុំព្រះអង្គ ក្នុង សាសនារបស់ព្រះអង្គ គប្បីជាកិច្ចដែលខ្ញុំព្រះអង្គធ្វើឲ្យច្រើន ។ បទថា តទន្តរំ សេចក្តីថា ក្នុងរវាង គឺខណៈ បានដល់ ឱកាសនោះ ។ ក្នុងបទថា អស្សសិត្វា វា បស្សសាមិ នេះ ខ្យល់ដែលចូលទៅខាងក្នុង លោក ហៅថា អស្សាស ខ្យល់ដែលចេញមកខាងក្រៅ លោកហៅថា បស្សាស ។ ភិក្ខុនេះប្រាថ្នាឲ្យជីវិតតាំងនៅមួយជួរកាលដែលខ្យល់ចូលទៅខាងក្នុង ត្រឡប់ ចេញមកខាងក្រៅ ខ្យល់ដែលចេញទៅខាងក្រៅ ត្រឡប់ចូលមកខាងក្នុង ទើបបានទូលយ៉ាងនេះ ដោយប្រការដូច្នេះ ។ បទថា ទន្ធំ បានដល់ ប្រព្រឹត្តទៅយឺតពេក គឺមិនរហ័ស ។ បទថា អាសវានំ ខយាយ បានដល់ ដើម្បីអរហត្តផល ។ ក្នុងព្រះសូត្រនេះ ព្រះមាន ព្រះភាគត្រាស់មរណស្សតិ រហូតដល់អរហត្តផល ។