ទុតិយមរណស្សតិសូត្រ

ក្បាលទី 29 · ទំព័រ 463

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀបនាទិកគ្រាម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុដែលនៅក្នុងទីនោះ ថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិដែលភិក្ខុចម្រើនហើយ ធ្វើឲ្យច្រើន ហើយ រមែងជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ចុះ មរណស្សតិដែលភិក្ខុចម្រើនហើយ ដោយប្រការដូចម្តេច ធ្វើឲ្យច្រើនហើយ ដោយប្រការដូចម្តេច ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ ម្នាលភិក្ខុ ទាំងឡាយ កាលបើថ្ងៃអស្តង្គតហើយ រាត្រីក៏ដល់មក ភិក្ខុក្នុងសាសនានេះ ពិចារណាដូច្នេះថា បច្ច័យនៃសេចក្តីស្លាប់របស់អញ មានច្រើនណាស់ គឺពស់ នឹងចឹកអញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញនឹងភ្លាត់ដួល ឬបាយដែលអញបរិភោគហើយ នឹងឲ្យទោស ប្រមាត់របស់អញ នឹងកម្រើក ស្លេស្ម៍របស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោរ របស់អញនឹង កម្រើក អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរពិចារណាដូច្នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹង នាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាពក្នុងវេលារាត្រី តើមានឬទេ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹង នាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាពក្នុងវេលារាត្រី ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យ