អដ្ឋកថាទុតិយមរណស្សតិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយមរណស្សតិសូត្រទី ១០ ដូចតទៅ នេះ បទថា បដិហិតាយ ប្រែថា ប្រព្រឹត្តទៅហើយ ។ បទថា ឥតិ បដិសញ្ចិក្ខតិ សេចក្តីថា រមែងពិចារណាយ៉ាងនេះ ។ ក្នុងបទនេះថា សោ មមស្ស អន្តរាយោ ដូច្នេះ អន្តរាយមាន ៣ យ៉ាង គឺអន្តរាយនៃជីវិត ១ អន្តរាយនៃសមណធម៌ ១ អន្តរាយនៃសួគ៌ អន្តរាយនៃមគ្គ សម្រាប់អ្នកធ្វើ កាលកិរិយារបស់បុថុជ្ជន ១ ។ ព្រះមានព្រះភាគ ត្រាស់សំដៅដល់អន្តរាយ ទាំង ៣ នោះឯង ។ បទថា ព្យាបជ្ជេយ្យ សេចក្តីថា គប្បីវិបត្តិទៅដោយអំណាចនៃការមិន រលួយជាដើម ។ បទថា អធិមត្តោ ប្រែថា មានកម្លាំង ។ ការពេញចិត្ត គឺ ភាពជាអ្នកប្រាថ្នាដើម្បីនឹងធ្វើ ឈ្មោះថា ឆន្ទ ។ សេចក្តីព្យាយាមក្នុងការប្រកប កិច្ច ឈ្មោះថា វាយាម ។ សេចក្តីព្យាយាមដែលជាហេតុនៃសេចក្តី ភ្ញាក់រពឫក ឈ្មោះថា ឧស្សាហ ។ សេចក្តីព្យាយាមដែលជាហេតុឲ្យដល់ព្រម ឈ្មោះថា ឧស្សោឡី ។ ការមិនរួញរា គឺការមិនថយក្រោយ ឈ្មោះថា អប្បដិវានី ។ ពាក្យដ៏សេស ក្នុងបទទាំងពួង មានអត្ថងាយយល់ហើយ ដូច្នេះឯង ។