អដ្ឋកថា អបរិហានិយសូត្រ

ក្បាលទី 29 · ទំព័រ 473

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងអបរិហានិយធម៌ ( ធម៌ដែលមិនសាបសូន្យ ) ៦ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អបរិហានិយធម៌ ៦ យ៉ាង តើដូចម្តេច ។ គឺ សេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិនត្រេកអរក្នុងការចរចា ១ សេចក្តី មិនត្រេកអរក្នុងការដេកលក់ ១ សេចក្តីមិនត្រេកអរក្នុងការវឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅងាយ ១ ភាពជាអ្នកមានកល្យាណមិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងអបរិហានិយធម៌ទាំង ៦ យ៉ាង ។ ម្នាលភិក្ខុ ទាំងឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យហើយចាកកុសលធម៌ទាំងឡាយ ក្នុងអតីតកាល បុគ្គលទាំងអស់នោះមិនសាបសូន្យហើយចាកពួក កុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គល ណាមួយ នឹងមិនសាបសូន្យចាកកុសលធម៌ទាំងឡាយ ក្នុងអនាគតកាល បុគ្គលទាំងអស់នោះ នឹងមិនសាបសូន្យចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យចាក កុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ មិនសាបសូន្យ ចាកពួកកុសលធម៌ដោយធម៌ទាំង ៦ នេះឯង ។