អដ្ឋកថាហិមវន្តសូត្រ

ក្បាលទី 29 · ទំព័រ 478

គប្បីជ្រាបវិនិច្ឆ័យក្នុងហិមវន្តសូត្រទី ៤ ដូចតទៅនេះ បទថា បទាលេយ្យ ប្រែថា គប្បីទម្លាយ ។ បទថា ឆវាយ បានដល់ ថោកទាប ។ បទថា សមាធិស្ស សមាបត្តិកុសលោ ហោតិ សេចក្តីថា ភិក្ខុរមែងជាអ្នកឈ្លាស គឺមុតស្រួច បានដល់ មានបដិភាណអាចចូលសមាធិ ដោយកំណត់ យកអាហារជាទីសប្បាយ និងឧតុជាទីសប្បាយ ។ បទថា សមាធិស្ស ឋិតិកុសលោ សេចក្តីថា ជាអ្នកឈ្លាសក្នុងការបញ្ឈប់សមាធិបាន អធិប្បាយថា អាចបញ្ឈប់បាន ។ បទថា សមាធិស្ស វុដ្ឋានកុសលោ សេចក្តីថា ជាអ្នកឈ្លាស ក្នុងការចេញចាកសមាធិ អធិប្បាយថា អាចចេញបានតាមកំណត់ ។ បទថា សមាធិស្ស កល្លតាកុសលោ សេចក្តីថា ជាអ្នកឈ្លាសក្នុងភាពដែល សមាធិគួរដល់កាល អធិប្បាយថា អាចធ្វើឲ្យសមគួរ ដើម្បីសមាធិចិត្តក ្លៀវក្លា ។ បទថា សមាធិស្ស គោចរកុសលោ សេចក្តីថា ភិក្ខុកាលវៀរសប្បាយ គឺធម៌ដែលមិនបានជាឧបការៈដល់សមាធិ សេពនូវសប្បាយ គឺធម៌ដែលជា ឧបការៈក្តី ដឹងថា សមាធិមាននិមិត្តជាអារម្មណ៍ សមាធិនេះមានលក្ខណៈជា អារម្មណ៍ក្តី ឈ្មោះថា ជាអ្នកឈ្លាសក្នុងអារម្មណ៍របស់សមាធិ ។ បទថា សមាធិស្ស អភិនីហារកុសលោ សេចក្តីថា ភិក្ខុកាលអាចនាំសមាធិ មាន បឋមជ្ឈានជាដើមឲ្យជាប្រមុខ ដើម្បីជាប្រយោជន៍ដល់ការចូលសមាបត្តិខ្ពស់ៗ ឡើងទៅ ឈ្មោះថា ជាអ្នកឈ្លាសក្នុងភាពជាប្រមុខនៃសមាធិ គឺលោកចេញ អំពីបឋមជ្ឈាន ហើយចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈានហើយ ។ បេ ។ ចេញអំពីតតិយជ្ឈានហើយ ចូលចតុត្ថជ្ឈាន ដូច្នេះឯង ។