អដ្ឋកថាកច្ចានសូត្រ

ក្បាលទី 29 · ទំព័រ 489

គប្បីជ្រាបវិនិច្ឆ័យក្នុងកច្ចានសូត្រទី ៦ ដូចតទៅនេះ បទថា សម្ពាធេ សេចក្តីថា ក្នុងទីដែលចង្អៀតដោយកាមគុណទាំង ៥ ។ អនុស្សតិ ៦ លោកហៅថា ឱកាស ក្នុងបទថា ឱកាសាធិគមោ នេះ ការសម្រេចហេតុនៃ អនុស្សតិ ៦ នោះ ។ បទថា វិសុទ្ធិយា សេចក្តីថា ដើម្បីជាប្រយោជន៍ ដល់សេចក្តីបរិសុទ្ធ ។ បទថា សោកបរិទេវានំ សមតិក្កមាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការកន្លងនូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ។ បទថា អត្ថង្គមាយ សេចក្តីថា ដើម្បីដល់នូវការរលត់ ។ បទថា ញាយស្ស អធិគមាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការសម្រេចមគ្គ មួយអន្លើ ដោយវិបស្សនាខាងដើម ។ បទថា និព្វានស្ស សច្ឆិកិរិយាយ សេចក្តីថា ដើម្បីជាប្រយោជន៍ដល់ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលមិនមានបច្ច័យ តាក់តែង ។ បទថា សព្វសោ បានដល់ ដោយអាការទាំងពួង ។ បទថា អាកាសសមេន សេចក្តីថា ដូចគ្នានឹងអាកាស ព្រោះអត្ថថា មិនជាប់ជំពាក់ និងព្រោះ អត្ថថា មិនមានកង្វល់ ។ បទថា វិបុលេន សេចក្តីថា មិនមែនតិចតួច ។ បទថា មហគ្គតេន សេចក្តីថា ដល់នូវភាពជារបស់ធំ ម្យ៉ាងទៀត អធិប្បាយថា ដល់ គឺប្រព្រឹត្ត ទៅ មួយអន្លើដោយព្រះអរិយសាវ័កដែលជាធំ ។ មនោរថបូរណី អដ្ឋកថា អនុត្តរិយវគ្គទី ៣ ៤៩០ បទថា អប្បមាណេន សេចក្តីថា ឈ្មោះថា មិនមានប្រមាណ ព្រោះថា ចិត្តនោះមានការផ្សាយទៅមិនមានប្រមាណ ។ បទថា អវេរេន សេចក្តី ថា វៀរចាកអកុសលធម៌ដែលជាពៀរ និងបុគ្គលដែលជាពៀរ ។ បទថា អព្យាបជ្ឈេន សេចក្តីថា វៀរចាកសេចក្តីទុក្ខដែលកើតអំពីសេចក្តីក្រោធ ។