អដ្ឋកថាបឋមសមយសូត្រ

ក្បាលទី 29 · ទំព័រ 494

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសមយសូត្រទី ៧ ដូចតទៅនេះ បទថា មនោភាវិនីយស្ស នេះ មានវិគ្គហៈថា ភិក្ខុឈ្មោះថា ជាអ្នកចម្រើន ភាវនាផ្លូវចិត្ត ព្រោះអប់រំចិត្ត គឺញ៉ាំងចិត្តឲ្យចម្រើន ។ បទថា ទស្សនាយ បានដល់ ដើម្បីឃើញ ។ បទថា និស្សរណំ បានដល់ ផ្លូវចេញ គឺការស្ងប់ រម្ងាប់ ។ បទថា ធម្មំ ទេសេតិ សេចក្តីថា ប្រាប់អសុភកម្មដ្ឋាន ដើម្បីឲ្យ លះកាមរាគៈ ។ ក្នុងទុតិយវារៈជាដើម គប្បីជ្រាបអធិប្បាយថា ប្រាប់មេត្តាកម្មដ្ឋាន ដើម្បីលះព្យាបាទនីវរណៈ ប្រាប់កម្មដ្ឋានដែលជាហេតុបន្ទោបង់នូវថីនមិទ្ធៈ គឺ អាលោកសញ្ញា ឬកម្មដ្ឋានដែលជាទីតាំងនៃវីរិយារម្ភៈជាដើមឯណានីមួយ ដើម្បីលះថីនមិទ្ធនីវរណៈ សម្តែងធម៌ពោលកថា ប្រារព្ធគុណរបស់ព្រះរតនត្រ័យ ដើម្បីលះវិចិកិច្ឆានីវរណៈ ។ បទថា អាគម្ម ប្រែថា ប្រារព្ធ ។ បទថា មនសិករោតោ សេចក្តីថា ធ្វើទុកក្នុងចិត្តដោយអំណាចឲ្យជាអារម្មណ៍ ។ បទថា អនន្តរា អាសវានំ ខយោ ហោតិ សេចក្តីថា ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមាន ដោយប្រាសចាកអន្តរាយ ។