អដ្ឋកថាទុតិយសមយសូត្រ

ក្បាលទី 29 · ទំព័រ 499

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសមយសូត្រទី ៨ ដូចតទៅនេះ បទថា មណ្ឌលមាឡេ បានដល់ ក្នុងរោងឆាន់ ។ បទថា ចារិត្តកិលមថោ បានដល់ សេចក្តីលំបាក ដែលកើតឡើងអំពីការត្រាច់បិណ្ឌបាត ។ បទថា ភត្តកិលមថោ បានដល់ ការក្រវល់ក្រវាយដែលកើតអំពីភត្ត ។ បទថា វិហារបច្ឆាយាយំ បានដល់ ស្រមោលខាងចុងវិហារ ។ បទថា យទេវស្ស ទិវា សមាធិនិមិត្តំ មនសិកតំ ហោតិ សេចក្តីថា ក្នុងសម័យនោះ សមថនិមិត្តនោះឯង នឹងសញ្ចរទៅក្នុងមនោទ្វាររបស់ភិក្ខុ ដែលអង្គុយក្នុងទីសម្រាក ពេលថ្ងៃ ។ បទថា ឱជដ្ឋាយី សេចក្តីថា ស្ថិតនៅ គឺប្រតិស្ឋាននៃឱជៈ ។ បទថា ផាសុកស្ស ហោតិ សេចក្តីថា លោកមានផាសុក ។ បទថា សម្មុខា សេចក្តីថា ក្នុងទីចំពោះមុខអ្នកប្រាប់ ។ បទថា សុតំ សេចក្តីថា បានស្តាប់ ដោយសោតធាតុ ។ បទថា បដិគ្គហិតំ សេចក្តីថា ផ្គងដោយចិត្ត ។