ទុតិអបរិហានិយសូត្រ
ភិក្ខុ ឈ្មោះថា សត្ថុគរុ ព្រោះមានសេចក្តីគោរពក្នុងព្រះសាស្តា ។ ភិក្ខុ ឈ្មោះថា ធម្មគរុ ព្រោះមានសេចក្តីគោរពក្នុងព្រះធម៌ ។ ការគោរព ដ៏ធ្ងន់ ឈ្មោះថា តិព្វគារវោ ។ ភិក្ខុ ឈ្មោះថា បដិសន្ថារគារវោ ព្រោះ មានការគោរពក្នុងបដិសណ្ឋារៈ ។ ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១ រូប កាល រាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញាុំងវត្តជេតពនទាំងអស់ ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយ ឋិតក្នុងទីសមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតក្នុងទីសមគួរ ហើយ បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរពក្នុង ការខ្មាសបាប ១ សេចក្តីគោរពក្នុងការខ្លាចបាប ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយដូច្នេះ លុះបាននិយាយ ដូច្នេះ ហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង ។ ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរព ដ៏ក្លៀវក្លាក្នុងព្រះសង្ឃ ( គោរពក្នុងសិក្ខា ) បរិបូណ៌ ដោយហិរិ និងឱត្តប្បៈ ប្រកបដោយសេចក្តីឱនលំទោន ដ៏ទន់ភ្លន់ មិនគួរដើម្បីសាបសូន្យ រមែងតាំងនៅក្នុងទីជិត នៃព្រះនិព្វាន ។