អដ្ឋកថាមោគ្គល្លានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងមោគ្គល្លានសូត្រទី ៤ ដូចតទៅនេះ បទថា តិស្សោ នាម ភិក្ខុ បានដល់ ភិក្ខុដែលជាសទ្ធិវិហារិក នៃព្រះថេរៈ នោះឯង ។ បទថា មហិទ្ធិកោ មហានុភាវោ សេចក្តីថា ភិក្ខុ ឈ្មោះថា មហិទ្ធកោ ព្រោះមានឫទ្ធិច្រើន ដោយអត្ថថា ញ៉ាំងកិច្ចឲ្យសម្រេចបាន ។ ឈ្មោះថា មហានុភាវោ ព្រោះមានអានុភាពច្រើន ដោយអត្ថថា សូម្បីពង្រីក ទៅរឿយៗ ។ បទថា ចិរស្សំ ខោ មារិស មោគ្គល្លាន ឥមំ បរិយាយមកាសិ នេះ ជាពាក្យរាក់ទាក់ដែលគួរស្រឡាញ់ តាមប្រក្រតីរបស់សត្វលោក អធិប្បាយថា សត្វលោកឃើញអ្នកដទៃ ដែលបែកគ្នាយូរមកខ្លះ ឃើញអ្នក ដែលមានលក្ខណៈគួរពេញចិត្ត ដែលមិនធ្លាប់មកហើយខ្លះ និងពោលពាក្យ ជាដើមថា នែអ្នកដ៏ចម្រើន អ្នកមកអំពីណា នែអ្នកដ៏ចម្រើន យូរណាស់ហើយ ទើបអ្នកមក អ្នកដ៏ចម្រើន ដឹងផ្លូវមកទីនេះបានដូចម្តេច អ្នកវង្វេងផ្លូវមកដែរ ឬយ៉ាងណា តែតិស្សព្រហ្មនេះពោលយ៉ាងនេះ ព្រោះធ្លាប់ឃើញលោកមកហើយ ។ ពិតហើយ ព្រះថេរៈទៅព្រហ្មលោកនោះឯង តាមកាលដ៏សមគួរ ។ បណ្តាបទទាំងនោះ បទថា បរិយាយមកាសិ សេចក្តីថា បានធ្វើទៅតាម វារៈ ។ បទថា យទិទំ ឥធាគមនាយ មានអធិប្បាយដែលលោកពោលថា យូរៗ លោកម្ចាស់នឹងបានធ្វើវារៈដើម្បីមកកាន់ព្រហ្មលោកនេះ ។ បទថា ឥទមាសនំ បញ្ញត្តំ សេចក្តីថា តិស្សព្រហ្មក្រាលព្រហ្មបល្ល័ង្ក ដែលមានតម្លៃច្រើន ហើយពោលយ៉ាងនេះ ។ បទថា អវេច្ចប្បសាទេន សេចក្តីថា ដោយការជ្រះថ្លាដែលសម្បយុត្តដោយមគ្គ ដែលមិនញាប់ញ័រ ដែលខ្លួនបានសម្រេចហើយ ។ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគត្រាស់ សោតាបត្តិមគ្គញ្ញាណ ។