អដ្ឋកថាវិវាទមូលសូត្រ

ក្បាលទី 29 · ទំព័រ 534

គប្បីជ្រាបវិនិច្ឆ័យក្នុងវិវាទមូលសូត្រទី ៦ ដូចតទៅនេះ ហេតុ នៃវិវាទ ឈ្មោះថា វិវាទមូល ។ បុគ្គលដែលប្រកបដោយសេចក្តីក្រោធ មានការអាក់អន់ជាលក្ខណៈ ឈ្មោះថា កោធន អ្នកប្រកបដោយការចង សេចក្តីក្រោធ មានការមិនលះបង់នូវពៀរជាលក្ខណៈ ឈ្មោះថា ឧបនាហី ។ បទថា អហិតាយ ទុក្ខាយ ទេវមនុស្សានំ សេចក្តីថា ការទាស់ទែងរបស់ ភិក្ខុ ២ រូប រមែងប្រព្រឹត្តទៅដើម្បីវត្ថុមិនជាប្រយោជន៍ ដើម្បីទុក្ខដល់ទេវតានិ ងមនុស្សទាំងឡាយ ។ សួរថា ប្រព្រឹត្តទៅបានដូចម្តេច ។ ឆ្លើយថា កាលភិក្ខុ ២ រូបទាស់គ្នា អន្តេវាសិករបស់លោកទាំង ២ នោះ ក្នុងវត្តនោះ ក៏នឹងវិវាទគ្នា ភិក្ខុនីសង្ឃ ដែលទទួលឱវាទនៃភិក្ខុទាំងនោះ ក៏វិវាទគ្នា ដូចក្នុងកោសម្ពិក្ខន្ធកៈ បន្ទាប់អំពី នោះ ឧបដ្ឋាករបស់លោកទាំងនោះ ក៏នឹងវិវាទគ្នា បន្ទាប់មក អារក្ខទេវតានៃ មនុស្សទាំងឡាយ ក៏បែកគ្នាជា ២ ចំណែក អារក្ខទេវតាខាងធម្មវាទី ក៏ យ៉ាងនោះ គឺជាខាងចំណែកធម្មវាទីភិក្ខុ ទេវតាដែលជាអធម្មវាទី ក៏ជាបក្ខពួក អធម្មវាទី ។ បន្ទាប់អំពីនោះ ភុម្មទេវតាដែលជាមិត្ររបស់អារក្ខទេវតា ទាំងឡាយ ក៏បែកបាក់គ្នា ។ បើខាងអធម្មវាទីមានចំនួនច្រើនជាងខាងធម្មវាទី តអំពីនោះ ទេវតា និងមនុស្សទាំងឡាយ ក៏នឹងទាញយកវត្ថុដែលមនុស្សចំនួន ច្រើនកាន់យក នាំគ្នាលះបង់ចោលធម៌ កាន់យកអធម៌ដោយច្រើននោះឯង ។ ទេវតា និងមនុស្សទាំងនោះ កាលរស់នៅកាន់យកអធម៌ជាគោល ក៏កើតក្នុង អបាយ ការទាស់ទែងគ្នានៃភិក្ខុទាំង ២ រូប រមែងប្រព្រឹត្តទៅដើម្បីវត្ថុ មិន ជាប្រយោជន៍ ដើម្បីជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការ ដូចពណ៌នា ដូច្នេះ ។