អដ្ឋកថាអត្តការីសូត្រ
ក្បាលទី 29 · ទំព័រ 544
គប្បីជ្រាបវិនិច្ឆ័យក្នុងអត្តការីសូត្រទី ៨ ដូចតទៅនេះ បទថា អទ្ទសំ វា អស្សោសឹ វា សេចក្តីថា អញកុំបីបើកភ្នែកឃើញ កុំបីបានឮថា បុគ្គលនោះនៅក្នុងទីឈ្មោះនោះ ឬកុំបីបានឮពាក្យដែលបុគ្គលនោះពោល ។ បទថា កថំ ហិ នាម សេចក្តីថា ដោយហេតុអ្វី ។ សេចក្តីព្យាយាមដែលប្រព្រឹត្តទៅហើយ ដោយអំណាចនៃការចាប់ផ្តើម ឈ្មោះថា អារព្ភធាតុ ។ សេចក្តីព្យាយាមដែលមានសភាវៈឈានចេញទៅ អំពីការខ្ជិលច្រអូស ឈ្មោះថា និក្កមធាតុ ។ សភាវៈនៃការឈានមុខ ឈ្មោះថា បរក្កមធាតុ ។ សភាវៈនៃកម្លាំងកាយ ឈ្មោះថា ថាមធាតុ ។ សភាវៈរបស់ធិតិ ( កម្លាំងប្រាជ្ញា ) ឈ្មោះថា ធិតិធាតុ ។ សភាវៈរបស់ សេចក្តីព្យាយាម ឈ្មោះថា ឧបក្កមធាតុ ។ ម្យ៉ាងទៀត ពាក្យទាំងអស់នេះ ជាឈ្មោះនៃសេចក្តីព្យាយាមតែម្យ៉ាង ដែលប្រព្រឹត្តទៅហើយ ដោយអាការ នោះ ។