កិម្មិលសូត្រ

ក្បាលទី 29 · ទំព័រ 547

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងកិមិលា ។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះព្រះកិមិលៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុ ដូចម្តេច បច្ច័យដូចម្តេចអេះ កាលបើព្រះតថាគតបរិនិព្វានហើយ ព្រះសទ្ធម្ម មិនឋិតថេរនៅអស់កាលយូរបាន ។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាល តថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកមិន គោរព មិនកោតក្រែង ក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុង ព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង ក្នុងអប្បមាទ មិនគោរព មិនកោតក្រែង ក្នុងបដិសន្ថារៈ ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មមិនឋិតថេរនៅអស់កាលយូរបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាលព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មឋិតថេរនៅអស់កាលយូរបាន ។ ម្នាល កិមិលៈ ក្នុងសាសនានេះ កាលបើព្រះតថាគត បរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកគោរព កោតក្រែងក្នុងព្រះសាស្តា គោរព កោតក្រែង ក្នុងព្រះធម៌ គោរព កោតក្រែងក្នុងព្រះសង្ឃ គោរព កោតក្រែង ក្នុងសិក្ខា គោរព កោតក្រែង ក្នុងអប្បមាទ គោរព កោតក្រែង ក្នុង បដិសន្ថារៈ ។