អដ្ឋកថានាគសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនាគសូត្រទី ១ នៃធម្មិកវគ្គទី ៥ ដូច្នេះ ពាក្យថា អាយស្មតា អានន្ទេន សទ្ធឹ នេះ ព្រះសង្គីតិកាចារ្យពោលព្រោះ ព្រះមានព្រះភាគត្រាស់ហៅព្រះថេរៈថា អានន្ទ មក យើងទៅទាំងអស់គ្នា ដូច្នេះហើយ យាងទៅ ។ ចំណែកព្រះសាស្តា បណ្ឌិតគប្បីជ្រាបថា ភិក្ខុ ៥០០ រូបនោះឯង ចោមរោមហើយ ទ្រង់យាងទៅបុព្វារាមនោះ ។ បទថា តេនុបសង្កមិ សេចក្តីថា ភិក្ខុ ៥០០ រូបនោះឯង ចោមរោម ហើយទ្រង់ចូលទៅ ។ បទថា បរិសិញ្ចិត្វា នេះ ជាពាក្យវោហារ ដោយអត្ថថា ទ្រង់ស្រពស្រង់ហើយ ។ បទថា បុព្វសទិសានិ កុរុមានោ សេចក្តីថា ទ្រង់ស្បង់សំពត់ ២ ជាន់ ដែលជ្រលក់ហើយ ទ្រង់កាន់យកឧត្តរាសង្គ ដោយព្រះហស្តទាំងទ្វេ ប្រថាប់ឈរបែរព្រះបិដ្ឋិទៅកាន់លោកធាតុទិសខាងលិច បែរព្រះភក្ត្រទៅកាន់ លោកធាតុទិសខាងកើត ធ្វើព្រះកាយឲ្យស្ងួតដូចមុន ដោយប្រាសចាកទឹក ។ ឯភិក្ខុសង្ឃ ចុះតាមក្នុងទីនោះៗ ស្រង់ទឹកហើយ បានឡើងមកឈរជុំវិញព្រះសាស្តា យ៉ាងកុះករ សម័យនោះ ព្រះអាទិត្យគោចរអណ្តែតលយលឿនទៅកាន់ លោកធាតុទិសខាងលិច ដូចកុណ្ឌលមាសកំពុងធ្លាក់ចុះអំពីអាកាស ដូច្នោះ ។ ឯលោកធាតុទិសខាងកើត ព្រះចន្ទ ដូចជាមណ្ឌលនៃដុំប្រាក់ដ៏បរិសុទ្ធិ ដូច្នោះ ។ ត្រង់កណ្តាលលោកធាតុ ព្រះសម្មាសម្ពុទ្ធ មានភិក្ខុ ៥០០ ជាបរិវារ បានប្រថាប់ឈរបញ្ចេញឆព្វណ្ណរង្សី ត្រង់ឆ្នេរស្ទឹងបុព្វកោដ្ឋកៈ ។ បទថា តេន ខោ បន សមយេន ។ បេ ។ សៀត នាម នាគោ សេចក្តីថា នាគ គឺដំរីដែលបានឈ្មោះយ៉ាងនោះ គឺឈ្មោះថា សេត ព្រោះ មានពណ៌ស ។