អដ្ឋកថាអាសវសូត្រ

ក្បាលទី 29 · ទំព័រ 681

គប្បីជ្រាបវិនិច្ឆ័យក្នុងអាសវសូត្រទី ៤ ដូចតទៅនេះ បទថា សំវរា បហាតព្វា បានដល់ អាសវៈទាំងឡាយគប្បីលះបានដោយសំវរៈ ។ ក្នុងបទដ៏សេសក៏មានន័យនេះឯង ។ បទថា ឥធ បានដល់ ក្នុងសាសនា នេះ ។ បទថា បដិសង្ខា គឺពិចារណា បានដល់ ជ្រាប អធិប្បាយថា ពិចារណា ។ បទថា យោនិសោ គឺដោយឧបាយ បានដល់ ដោយគន្លង ម្យ៉ាងទៀត ក្នុងសូត្រនេះ ការពិចារណាទោស ក្នុងអសំវរៈ គប្បីជ្រាបថា ជាការពិចារណាដោយឧបាយ ឯការពិចារណានេះ គប្បីជ្រាបតាមអាទិត្តបរិយាយសូត្រ មានពាក្យជាដើមថា ម្នាលភិក្ខុទាំងឡាយ ចក្ខុន្ទ្រិយដែល បុគ្គលអាលដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះរុងរោចន៍ សន្ធោសន្ធៅ ប្រសើរជាងការកាន់យកនិមិត្តដោយអនុព្យញ្ជនៈ ក្នុងរូបដែលបុគ្គលគប្បីដឹង ដោយចក្ខុ មិនប្រសើរទេ ។ ក្នុងបទថា ចក្ខ្រុន្ទិយសំវរសំវុតោ វិហរតិ នេះ មានអធិប្បាយដូចតទៅ នេះ ឥន្ទ្រិយ គឺចក្ខុ ឈ្មោះថា ចក្ខុន្ទ្រិយ ។ ឈ្មោះថា សំវរ ព្រោះសង្រួម មានអធិប្បាយថា ព្រោះបិទ គឺព្រោះរារាំង ។ ពាក្យថា សំវរ នោះ ជា ឈ្មោះរបស់សតិ ។ សំវរៈក្នុងចក្ខ្រុន្ទិយ ឈ្មោះថា ចក្ខ្រុន្ទិយសំវរ ចក្ខ្រុន្ទិយសំវរៈនេះ កាលជវនចិត្តកើតឡើង ក៏ហៅថា ចក្ខ្រុន្ទិយសំវរ ព្រោះហាម កិលេសទាំងឡាយ មិនឲ្យកើតឡើងក្នុងទ្វារនោះ ។ បទថា សំវុតោ បាន ដល់ ប្រកបដោយសំវរៈនោះ សេចក្តីពិតយ៉ាងនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា ឥមិនា បតិមោក្ខសំវរេន ឧបេតោ ហោតិ ។ បេ ។ សមន្នាគតោ ដូច្នេះ ក្នុងវិភង្គថា បតិមោក្ខសំវរសំវុតោ ។ ម្យ៉ាងទៀត បទថា សំវរ ប្រែថា រវាំងហើយ មានពាក្យអធិប្បាយថា រាំរាំងហើយ គឺ បិទហើយ ។