ចិត្តហត្ថិសារិបុត្តសូត្រ

ក្បាលទី 29 · ទំព័រ 695

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់អំពីបិណ្ឌបាតក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគ្នានិយាយអភិធម្មកថា ក្នុងរោងមូល ( ឧបដ្ឋានសាលា ) ។ បានឮថា បណ្តាពួកភិក្ខុទាំងនោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយ អភិធម្មកថា ក៏និយាយស្កាត់ពាក្យក្នុងចន្លោះៗ ។ លំដាប់នោះ ព្រះមហាកោដ្ឋិកៈ ដ៏មានអាយុ បាននិយាយឃាត់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយ អភិធម្មកថា ចេះតែនិយាយស្កាត់ពាក្យក្នុងចន្លោះៗ ព្រះចិត្តហត្ថិសារីបុត្តដ៏មាន អាយុ សូមបង្អង់ចាំចប់អភិធម្មកថាសិន ។ កាលបើព្រះមហាកោដ្ឋិកៈដ៏មានអាយុ និយាយឃាត់យ៉ាងនេះហើយ ពួកភិក្ខុជាសម្លាញ់ របស់ព្រះចិត្តហត្ថិសារីបុត្ត ដ៏មានអាយុ ក៏បាននិយាយនឹងព្រះមហាកោដ្ឋិកៈដ៏មានអាយុ យ៉ាងនេះថា ព្រះមហា កោដ្ឋិកៈដ៏មានអាយុ មិនសមបើហាមឃាត់ ព្រះចិត្តហត្ថិសារីបុត្តដ៏មាន អាយុសោះ ( ព្រោះ ) ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុជាអ្នកប្រាជ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ អាចសម្តែងអភិធម្មកថា ជាមួយនឹងពួកភិក្ខុជាថេរៈ បាន ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ បាននិយាយថា ម្នាលអាវុសោទាំងឡាយ ពួកជនដែលមិនដឹងនូវវារៈនៃចិត្តរបស់ជនដទៃ កម្រនឹងដឹងហេតុនោះបាន ។ ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ កាលនៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជាទីគោរពណាមួយនៅឡើយ រមែងជាអ្នកស្លូតបូតណាស់ ជាអ្នកសភាពរាបទាបណាស់ ជាអ្នកស្រគត់ស្រគំណាស់ ។ លុះកាលណា ភិក្ខុនោះ ចេញអំពីគ្រូ ចេញ