អដ្ឋកថាបរាយនសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបរាយនសូត្រទី ៧ ដូចតទៅនេះ បទថា បរាយនេ មេត្តេយ្យប្បញ្ញេ បានដល់ ក្នុងបញ្ញារបស់មេត្តេយ្យមាណពដែល មកក្នុងបារាយនវគ្គ ។ បទថា ឧភន្តេ វិទិត្វាន បានដល់ ដឹងទីបំផុត ២ យ៉ាង គឺ ២ ចំណែក ។ បទថា មជ្ឈេ មន្តា ន លិម្បតិ សេចក្តីថា បញ្ញា ហៅថា មន្តា បុគ្គលណាជ្រាបទីបំផុតទាំង ២ ដោយបញ្ញាដែលហៅថា មន្តា នោះ ហើយមិនជាប់នៅត្រង់កណ្តាល គឺមិនជាប់នៅត្រង់កណ្តាល ។ បទថា សិព្វនិមច្ចគា សេចក្តីថា បុគ្គលនោះ ឆ្លងតណ្ហាដែលហៅថា សិព្វនី គឺគ្រឿងរួបរឹតបានហើយ ។ បទថា ផស្សោ សេចក្តីថា ព្រោះកើតដោយ អំណាចផស្សៈ ទើបអត្តភាពនេះមាន ។ បទថា ឯកោ អន្តោ សេចក្តីថា ផស្សៈនេះ ជាចំណែកមួយ ។ បទថា ផស្សសមុទយោ មានរូបវិគ្គហៈថា ផស្សៈជាហេតុកើតនៃអត្តភាពនោះ ហេតុនោះ ទើបអត្តភាពនោះ ឈ្មោះថា មានផស្សៈជាហេតុកើត ។ អត្តភាពក្នុងអនាគត នឹងកើតបាន ព្រោះមាន ផស្សៈ គឺកម្មដែលធ្វើក្នុងអត្តភាពនេះជាបច្ច័យ ។ បទថា ទុតិយោ អន្តោ បានដល់ ចំណែកទី ២ ។ បទថា ផស្សនិរោធោ បានដល់ និព្វាន ។ បទថា មជ្ឈេ សេចក្តីថា និព្វាន ឈ្មោះថា ជាកណ្តាល ព្រោះអត្ថថា ញែកនូវធម៌ គឺផស្សៈ និងហេតុនៃផស្សៈចេញជា ២ ចំណែក ដោយកាត់តណ្ហាជាគ្រឿង រឹតរុំចេញបាន ។ បទថា តណ្ហា ហិ នំ សិព្វតិ សេចក្តីថា តណ្ញារមែងរឹតរុំ គឺជាប់ជាមួយផស្សៈ ពោល គឺអត្តភាពទាំង ២ និងហេតុកើតនៃផស្សៈនោះ ចូលជាមួយគ្នា ។ សួរថា ព្រោះហេតុអ្វី ។ ឆ្លើយថា ព្រោះធ្វើភពនោះៗ ឯងឲ្យកើតឡើង អធិប្បាយថា បើតណ្ហាមិនគប្បីរឹតរុំសោត ភពទាំងនោះឯង ក៏មិនគប្បីកើត ។ ក្នុងទីនេះ អ្នកប្រាជទាំងឡាយបានសម្តែងការប្រៀបធៀប រវាងទីបំផុត និងត្រង់កណ្តាល ។ អធិប្បាយថា ពាក្យថា ទីបំផុត និ