អដ្ឋកថាឧទកសូត្រ

ក្បាលទី 29 · ទំព័រ 727

គប្បីជ្រាបវិនិច្ឆ័យក្នុងឧទកសូត្រទី ៨ ដូចតទៅនេះ បទថា អញ្ញតរោ បានដល់ ភិក្ខុមួយអង្គដែលជាបក្ខពួករបស់ទេវទត្តភិក្ខុ ។ បទថា សមន្នាហរិត្វា បានដល់ បង្អោននឹក ។ ភិក្ខុទាំងឡាយសួរដល់រឿងនេះ ក៏ដោយ បំណងថា ព្រះមានព្រះភាគត្រាស់ ព្រោះទ្រង់ជ្រាប ឬទ្រង់មិនជ្រាប ព្រះមានព្រះភាគត្រាស់ជាឯកង្សិកព្យាករ គឺត្រាស់តែមួយចំណែក ឬថា ត្រាស់ជាវិភជ្ជព្យាករ គឺត្រាស់ចែក ។ បទថា អាបយិកោ បានដល់ កើតក្នុងអបាយ ។ បទថា នេរយិកោ បានដល់ ទៅកាន់នរក ។ បទថា កប្បដ្ឋោ បានដល់ តាំងនៅក្នុងនរកអស់កប្ប ព្រោះបានធ្វើកម្មដែលជាហេតុ ឲ្យតាំងនៅអស់កប្ប ។ បទថា អតេកិច្ឆោ បានដល់ មិនអាចកែខៃបាន ។ បទថា ទ្វេជ្ឈំ បានដល់ ភាវៈ ២ ។ បទថា វាលគ្គកោដិនិត្តុទនមត្តំ បានដល់ សេចក្តីល្អដែលល្មមនឹងសម្តែងបាន ដោយចុងរោមទ្រាយ ឬ សេចក្តីល្អត្រឹមតែយកចុងរោមទ្រាយចាក់ ។ បទថា បុរិស្រិន្ទិយញ្ញាណានិ បានដល់ ញាណជាគ្រឿងដឹងក្រៃលែង និងការធូរថយនៃឥន្ទ្រិយរបស់បុរសបុគ្គលទាំងឡាយ អធិប្បាយថា ញាណ ជាគ្រឿងបង្អោនដល់ភាពដែលឥន្ទ្រិយទាំងអស់ចាស់ក្លា និងទន់ខ្ចី ។ បទថា វិជ្ជមានា កុសលាបិ ធម្មា អកុសលាបិ ធម្មា សេចក្តីថា តថាគតដឹងថា កុសលធម៌របស់បុគ្គលនេះ មានបុណ្ណេះ អកុសលធម៌ មាន បុណ្ណេះ ។ បទថា អន្តរហិតា បានដល់ ដល់នូវការមើលមិនឃើញ ។ បទថា សម្មុខីភូតា បានដល់ កើតប្រាកដដោយអំណាចការផ្សាយឡើង ។ បទថា កុសលមូលំ បានដល់ អធ្យាស្រ័យដែលជាកុសល ។