អដ្ឋកថានិព្វេធិកសូត្រ

ក្បាលទី 29 · ទំព័រ 742

គប្បីជ្រាបវិនិច្ឆ័យក្នុងនិព្វេធិកសូត្រទី ៩ ដូចតទៅនេះ ធម៌ ឈ្មោះថា និព្វេធិកបរិយាយ ព្រោះចោះ គឺទម្លាយគំនរលោភៈជាដើមដែល មិនធ្លាប់ចោះ មិនធ្លាប់ទម្លាយមកអំពីមុន អធិប្បាយថា បានដល់ ហេតុនៃ ការចោះទម្លុះ ។ បទថា និទានសម្ភវោ សេចក្តីថា ឈ្មោះថា និទាន ព្រោះ ប្រគល់ឲ្យនូវកាម គឺប្រគល់ឲ្យដោយភាពជាហេតុ អាចឲ្យកើតឡើង ។ ធម៌ ឈ្មោះថា សម្ភវ ព្រោះជាដែនកើតឡើង ។ សម្ភវៈ គឺនិទាន នោះឯង ទើប ឈ្មោះថា និទានសម្ភវ ។ បទថា វេមត្តតា បានដល់ ហេតុផ្សេងៗ គ្នា ។ បទថា កាមគុណា សេចក្តីថា ឈ្មោះថា កាម ព្រោះអត្ថថា ដឹកនាំឲ្យ ប្រាថ្នា ឈ្មោះថា គុណ ព្រោះអត្ថថា ចងទុក ដូចក្នុងប្រយោគជាដើមថា អន្តគុណំ ប្រែថា ខ្សែចងពោះវេនោ ។ បទថា ចក្ខុវិញ្ញេយ្យា សេចក្តីថា ដែលគប្បីឃើញដោយចក្ខុវិញ្ញាណ ។ បទថា ឥដ្ឋា មានអធិប្បាយថា ទោះ ប្រាថ្នាក្តី មិនប្រាថ្នាក្តី ក៏គង់ជាឥដ្ឋារម្មណ៍នោះឯង ។ បទថា កន្តា បានដល់ ជារបស់គួរប្រាថ្នា ។ បទថា មនាប បានដល់ ជាទីចម្រើនចិត្ត ។ បទថា បិយរូប បានដល់ ជាទីស្រឡាញ់ដោយកំណើត ។ បទថា កាមូបសំហិតា សេចក្តីថា កាមដែលកើតឡើង ព្រោះធ្វើបិយរូប ឲ្យជាអារម្មណ៍ត្រេកអរ ហើយ ។ បទថា រជនីយា សេចក្តីថា ជាហេតុនៃការកើតឡើងនៃរាគៈ ។ បទថា នេតេ កាមា សេចក្តីថា រូបជាដើមនេះបានឈ្មោះថា ជាកាម ព្រោះ អត្ថប្រាថ្នា ក៏មិនមែន ។ បទថា សង្កប្បរាគោ បានដល់ រាគៈដែលកើតឡើងដោយអំណាចនៃ ការត្រិះរិះ ។ បទថា កាមោ សេចក្តីថា រាគៈកើតឡើងហើយនេះ អ្នក បដិបត្តិដើម្បីលះកាម ចាំបាច់លះ ។