អដ្ឋកថា មិត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯងមានមិត្តអាក្រក់ មាន សម្លាញ់អាក្រក់ បែរទៅរាប់រកតែបុគ្គលអាក្រក់ សេពគប់ ចូលទៅអង្គុយ ជិតពួកមិត្តអាក្រក់ យកតម្រាប់តម្រាតាមពួកមិត្តអាក្រក់ទាំងនោះ នឹងបំពេញ អភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានឡើយ ។ បើមិនបាន បំពេញអភិសមាចារិកធម៌ឲ្យបរិបូណ៌ហើយ នឹងបំពេញសេក្ខធម៌ឲ្យបរិបូណ៌ បាន ហេតុនេះមិនដែលមានទេ ។ បើមិនបានបំពេញសេក្ខធម៌ឲ្យបរិបូណ៌ហើយ នឹងបំពេញសីលទាំងឡាយ ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានទេ ។ បើមិនបានបំពេញសីលទាំងឡាយឲ្យបរិបូណ៌បានទេ នឹងលះបង់កាមរាគៈ ឬ រូបរាគៈ ឬក៏អរូបរាគៈបាន ហេតុនេះក៏មិនដែលមានទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានមិត្តល្អ មានសម្លាញ់ល្អ បែរទៅរាប់រកតែមិត្តល្អ សេពគប់ ចូលទៅអង្គុយជិតចំពោះពួកមិត្តល្អ ហើយក៏យកតម្រាប់តម្រាតាមពួកមិត្តល្អ ទាំងនោះ នឹងបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះ ទើប មានមែន ។ បើបានបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញ សេក្ខធម៌ ឲ្យបរិបូណ៌បានទៀត ហេតុនេះ ទើបមានមែន ។ បើបានបំពេញ សេក្ខធម៌ហើយ នឹងបំពេញសីលទាំងឡាយបានទៀត ហេតុនេះ ទើបមានមែន ។ បើបានបំពេញសីលទាំងឡាយហើយ នឹងលះបង់កាមរាគៈ ឬរូបរាគៈ ឬក៏ អរូបរាគៈចេញបាន ហេតុនេះ ទើបមានមែន ។