អដ្ឋកថា បឋមជ្ឈានសូត្រ
ក្បាលទី 29 · ទំព័រ 772
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នក មិនគួរបានបឋមជ្ឈាន ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺកាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គល នោះមិនបានពិចារណាឲ្យឃើញច្បាស់ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិន គួរបានបឋមជ្ឈានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ទើបជាអ្នកគួរបាន បឋមជ្ឈាន ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ គឺកាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះពិចារណា ឃើញ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល លះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរបានបឋមជ្ឈាន ។