អដ្ឋកថា អធិគមសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នក មិនគួរដើម្បីបាននូវកុសលធម៌ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនឈ្លាសក្នុងសេចក្តីចម្រើន ១ មិនឈ្លាសក្នុងសេចក្តីវិនាស ១ មិនឈ្លាសក្នុងឧបាយ ១ មិនញ៉ាំងសេចក្តី ចូលចិត្តឲ្យកើតឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ មិនរក្សានូវកុសលធម៌ទាំងឡាយដែលខ្លួនបានហើយ ១ មិនញ៉ាំងកុសល ធម៌ឲ្យដល់ព្រមដោយការធ្វើរឿយៗ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប ដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីបាននូវកុសលធម៌ ដែលខ្លួន មិនទាន់បាន ឬដើម្បីធ្វើនូវកុសលធម៌ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីបាន នូវកុសលធម៌ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសក្នុងសេចក្តីចម្រើន ១ ឈ្លាសក្នុង សេចក្តីវិនាស ១ ឈ្លាសក្នុងឧបាយ ១ ញ៉ាំងសេចក្តីចូលចិត្តឲ្យកើតឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ រក្សាកុសលធម៌ ទាំងឡាយ ដែលខ្លួនបានរួចហើយ ១ ញ៉ាំងកុសលឲ្យដល់ព្រមដោយកិរិយា ធ្វើរឿយៗ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បីបាននូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។