សីតិសូត្រ

ក្បាលទី 29 · ទំព័រ 793

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នក មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរ សង្កត់សង្កិន ក្នុងពេលណា មិនសង្កត់សង្កិនចិត្តក្នុងពេលនោះ ១ ចិត្តដែល គួរផ្គងឡើង ក្នុងពេលណា មិនផ្គងចិត្តឡើង ក្នុងពេលនោះ ១ ចិត្តដែលគួរ ធ្វើឲ្យរីករាយ ក្នុងពេលណា មិនធ្វើចិត្តឲ្យរីករាយ ក្នុងពេលនោះ ១ ចិត្ត ដែលគួរធ្វើឲ្យព្រងើយ ក្នុងពេលណា មិនធ្វើចិត្តឲ្យព្រងឿយ ក្នុងពេលនោះ ១ ជាអ្នកស្លុងចុះក្នុងធម៌ថោកទាប ១ ត្រេកអរនឹងកាយរបស់ខ្លួន ១ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បី ធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បី ធ្វើឲ្យជាក់ច្បាស់នូវសេចក្តីត្រជាក់ចិត្តដ៏ប្រសើរ ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរសង្កត់សង្កិន ក្នុងពេល ណា ក៏សង្កត់សង្កិនចិត្តក្នុងពេលនោះ ១ ចិត្តដែលគួរផ្គងឡើង ក្នុងពេលណា ក៏ផ្គងចិត្តឡើង ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យរីករាយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យរីករាយក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យព្រងើយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យព្រងើយក្នុងពេលនោះ ១ ជាអ្នកស្លុងចុះក្នុងធម៌ដ៏ថ្លៃថ្លា ១ ត្រេកអរ ក្នុងព្រះនិព្វាន ១ ។