បទភាជនីយនៃបឋមកឋិនសិក្ខាបទ
ហើយនេះ ជាវិនយកម្ម ។ ចីវរនោះ ទោះជាភិក្ខុនោះឲ្យដល់សង្ឃក្តី គណៈ ក្តី បុគ្គលក្តី មិនបានទាំងអស់នោះឯង ។ អធិប្បាយ បទភាជនីយ៍នៃបឋមកឋិនសិក្ខាបទ បទថា ទសាហាតិក្កន្តេ អតិក្កន្តសញ្ញី បានដល់ បុគ្គលមានសេចក្តី សម្គាល់ក្នុងចីវរដែលកន្លង ១០ ថ្ងៃហើយ យ៉ាងនេះថា ចីវរនេះកន្លង ( ១០ ថ្ងៃ ) ហើយ ។ ម្យ៉ាងទៀត សេចក្តីថា កាល ១០ ថ្ងៃកន្លងហើយ មាន សេចក្តីសម្គាល់យ៉ាងនេះថា ១០ ថ្ងៃកន្លងទៅហើយ ។ បទថា និស្សគ្គិយំ បចិត្តិយំ សេចក្តីថា ការសម្គាល់ដែលពោល ទុកក្នុងបទថា អតិក្កន្តសព្ញាី នេះ រក្សាអាបត្តិមិនបាន សូម្បីភិក្ខុណា ទោះ មានសេចក្តីសម្គាល់យ៉ាងនេះ ចីវរនោះរបស់ភិក្ខុនោះ ក៏ជានិស្សគ្គិយ ហើយ ភិក្ខុនោះក៏ត្រូវអាបត្តិបាចិត្តិយផងដែរ ឬជាបាចិត្តិយ មានការលះបង់ជាវិនយកម្ម ព្រោះដូច្នោះ អត្ថវិកប្បទាំង ២ រមែងត្រឹមត្រូវ ។ គ្រប់ៗ បទក៏ មានន័យដូច្នេះ ។ បទថា អវិស្សជ្ជិតេ វិស្សជ្ជិតសញ្ញី បានដល់ ដែលមានសេចក្តី សម្គាល់ក្នុងចីវរដែលខ្លួនមិនបានឲ្យ គឺមិនបានលះបង់ឲ្យដល់បុគ្គលណាមួយ យ៉ាងនេះថា អញលះបង់ហើយ ។ បទថា អនដ្ឋេ នដ្ឋសញ្ញី សេចក្តីថា ចោរទាំងឡាយរមែងលួចយក ចីវរដ៏ច្រើនរបស់ភិក្ខុពួកដទៃ ដែលរក្សាទុកជាមួយចីវររបស់ខ្លួន បណ្តាភិក្ខុ ទាំងនោះ ភិក្ខុរូបនេះ ជាអ្នកមានការសម្គាល់ក្នុងចីវររបស់ខ្លួន ដែលមិនបាន បាត់ទៅ ថាបាត់ហើយ ។ សូម្បីក្នុងចីវរដែលមិនបានវិនាសជាដើម ក៏មាន ន័យដូច្នេះ ។ ក្នុងបទថា អវិលុត្តេ នេះ គប្បីជ្រាបសន្និដ្ឋានថា ក្នុងចីវរដែលចោរ មិនបានដណ្តើមយកទៅ ដោយអំណាចការទម្លាយជញ្ជាំង ហើយគំរាម កំហែងប្លន់យកទៅ ។