ឧទោសសិតសិក្ខាបទ
ចីវរវគ្គទី ១ សិក្ខាបទទី ២ ឧទ្ទោសិតសិក្ខាបទ ឧទ្ទោសិតសិក្ខាបទ ត្រង់ពាក្យថា តេន សមយេន ពុទ្ធោ ភគវា ជាដើម ខ្ញុំនឹងពោលតទៅ ក្នុងវិនិច្ឆ័យឧទ្ទោសិតសិក្ខាបទនោះ គប្បី ជ្រាបដូចតទៅនេះ បទថា សន្តរុត្តរេន សេចក្តីថា អន្តរវាសក ត្រាស់ហៅថា អន្តរ ។ ឧត្តរាសង្គ ត្រាស់ហៅថា ឧត្តរ ។ សំពត់ដណ្តប់ និងសំពត់ស្លៀក ឈ្មោះថា សន្តរុត្តរ ។ មានតែសំពត់ដណ្តប់ និងសំពត់ស្លៀកនោះ អធិប្បាយថា មួយ អន្លើដោយសំពត់ឧត្តរាសង្គ និងសំពត់អន្តរវាសក ។ បទថា កណ្ណកិតានិ បានដល់ កើតជាចំណុចខ្មៅៗ សៗ ក្នុងទីដែល ញើសពាល់ត្រូវ ។ បទថា អទ្ទសា ខោ អាយស្មា អានន្ទោ សេនាសនចារិកំ អាហិណ្ឌន្តោ សេចក្តីថា បានឮថា ព្រះថេរៈ កាលព្រះមានព្រះភាគយាង ចូលកាន់ព្រះគន្ធកុដិ ដើម្បីទ្រង់បំណងនឹងសម្រាកក្នុងពេលថ្ងៃ បានឱកាស នោះហើយ ព្រះអានន្ទរក្សាភណ្ឌៈឈើ និងភណ្ឌៈដីដែលទុកដាក់មិនល្អ បោស សំអាតទីដែលមិនទាន់បោស ធ្វើបដិសណ្ឋារៈជាមួយពួកភិក្ខុអាពាធ ទៅដល់ សេនាសនដ្ឋាននៃភិក្ខុទាំងនោះ បានឃើញហើយ ។