តតិយកឋិនសិក្ខាបទ
ក្បាលទី 3 · ទំព័រ 103
សិក្ខាបទទី ៤ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្ត ព្រះជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង មាន ស្រីជាបុរាណទុតិយិការបស់ឧទាយិភិក្ខុដ៏មានអាយុ បួសក្នុងសម្នាក់នាងភិក្ខុនី ។ នាងភិក្ខុនីនោះ តែងមកកាន់សម្នាក់ឧទាយិភិក្ខុដ៏មានអាយុជារឿយៗ ។ ចំណែក ខាងឧទាយិភិក្ខុដ៏មានអាយុ ក៏តែងទៅកាន់សម្នាក់នាងភិក្ខុនីនោះជារឿយៗដែរ ។ វេលានោះឯង ឧទាយិភិក្ខុដ៏មានអាយុ បរិភោគភត្តក្នុងសម្នាក់នាងភិក្ខុនីនោះ ។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុ ក៏ស្លៀកដណ្តប់រួចយកបាត្រ និងចីវរ ចូលសំដៅទៅរកទីដែលនាងភិក្ខុនីនោះ នៅក្នុងវេលាព្រឹកព្រហាម លុះចូលទៅដល់ ហើយ ក៏អង្គុយលើអាសនៈខាងមុខនាងភិក្ខុនីនោះ បើកអង្គជាតបង្ញាញ ។