អនិយតកណ្ឌ សិក្ខាបទទី ៤
ឯនាងភិក្ខុនីនោះ ក៏អង្គុយលើអាសនៈខាងមុខឧទាយិដ៏មានអាយុ បើកអង្គជាត បង្ហាញដែរ ។ វេលានោះ ឧទាយិភិក្ខុដ៏មានអាយុមានតម្រេក ក៏សម្លឹងមើល ទៅអង្គជាតនាងភិក្ខុនីនោះ ។ ទឹកអសុចិក៏ហូរធ្លាក់ពីអង្គជាតរបស់ឧទាយិភិក្ខុ នោះ ។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុ ក៏និយាយទៅនឹងភិក្ខុនីនោះថា នែប្អូនស្រី ឯងចូរទៅនាំយកទឹកមក អញនឹងលាងស្បង់ ។ នាងភិក្ខុនីនោះ តបវិញថា លោកម្ចាស់ សូមលោកម្ចាស់ឲ្យស្បង់មកខ្ញុំវិញ ខ្ញុំនឹងលាងប្រគេន ។ វេលានាះឯង នាងភិក្ខុនីនោះ ក៏បានយកទឹកអសុចិរបស់ឧទាយិភិក្ខុនោះបន្តិច ដាក់ក្នុងមាត់ យកបន្តិចដាក់ក្នុងអង្គជាត ។ នាងភិក្ខុនីនោះក៏មានគភ៌ដោយសារ ទឹកអសុចិនោះ ។ ពួកនាងភិក្ខុនីក៏និយាយយ៉ាងនេះថា នាងភិក្ខុនីនេះមិនមែន ប្រព្រឹត្តធម៌ដ៏ប្រសើរទេ ទើបបាននាងភិក្ខុនីនេះមានគភ៌ ។ នាងភិក្ខុនីនោះតប វិញថា ម្នាលនាងទាំងឡាយ ខ្លួនខ្ញុំមិនបានប្រព្រឹត្តធម៌ដ៏ប្រសើរទេ ។ វេលានោះ នាងភិក្ខុនីនោះបានប្រាប់សេចក្តីនុ៎ះដល់នាងភិក្ខុនីផងគ្នា ។ នាងភិក្ខុនីទាំងឡាយ ក៏លើកទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ឧទាយិប្រើនាង ភិក្ខុនីឲ្យលាងចីវរចាស់ ( របស់ខ្លួនសោះ ) ។ លំដាប់នោះ ពួកនាងភិក្ខុនី ទាំងនោះបានប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ។ ពួកភិក្ខុណាដែលមានប្រាថ្នាតិ ច ។ បេ ។ ពួកភិក្ខុទាំងនោះក៏លើកទោស តិះដៀល បន្តុះបង្អាប់ថា គួរបើដែរ ឧទាយិដ៏មានអាយុ ប្រើនាងភិក្ខុនីឲ្យលាងចីវរចាស់ ។ គ្រានោះ ពួកភិក្ខុ ទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ ។