សិក្ខាបទវិភង្គនៃបុរាណចីវរធោវាបនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 113

ភិក្ខុនីណា បានឮភិក្ខុប្រើភិក្ខុកំលោះ ឬសាមណេរថា លោកចូរ បោកចីវរនេះ ហើយពោលថា បពិត្រលោកម្ចាស់ សូមនាំមកចុះ ខ្ញុំនឹងបោក ឯង ហើយបោកក្តី កាន់យកជារបស់ខ្ចី ហើយបោក ជ្រលក់ឲ្យក្តី ភិក្ខុនីនេះ ក៏ឈ្មោះថា ជាបុគ្គលដែលភិក្ខុមិនបានប្រើ គឺបោកឯង ។ ពីរបទថា អញ្ញំ បរិក្ខារំ សេចក្តីថា ភិក្ខុប្រើភិក្ខុនីឲ្យបោក ឬលាង បណ្តាបរិក្ខារ មានថង់ស្បែកជើង ស្លោកបាត្រ សំពត់អង្សៈ វត្ថពន្ធចង្កេះ គ្រែ តាំង ពូក និងកន្ទេលជាដើមឯណាមួយ មិនត្រូវអាបត្តិ ។ ពាក្យដ៏សេសក្នុងសិក្ខាបទនេះ មានអត្ថរាក់ទាំងអស់ហើយ ។ ក្នុងបណ្តាបកិណ្ណកៈ មានសមុដ្ឋានជាដើម សិក្ខាបទនេះ មានសមុដ្ឋាន ៦ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម វចីកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។