អនិយតកណ្ឌ សិក្ខាបទទី ៥
សិក្ខាបទទី ៥ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្ត វេឡុវ័នកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង នាងឧប្បលវណ្ណា ភិក្ខុនីនៅក្នុងអន្ធវន ទៀបក្រុងសាវត្ថី ។ វេលានោះឯង នាងឧប្បលវណ្ណាភិក្ខុនី លុះពេលព្រឹកឡើង ក៏បានស្លៀកដណ្តប់រួចនាំយកបាត្រ និងចីវរចូលទៅឯក្រុង សាវត្ថីដើម្បីបិណ្ឌបាត លុះដើរទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី រួចត្រឡប់មកអំពី បិណ្ឌបាតក្នុងកាលជាខាងក្រោយនៃភត្ត ហើយក៏ចូលសំដៅទៅក្នុងអន្ធវន ( ព្រៃ ងងឹត ) ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់ព្រៃអន្ធវនហើយ ក៏អង្គុយ សម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើនីមួយ ។ សម័យនោះឯង មានពួកចោរ អ្នកធ្វើនូវចោរកម្ម បានសម្លាប់មេគោមួយ អារយកសាច់ រួចនាំយកចូលទៅកាន់ ព្រៃអន្ធវន ។ ឯមេចោរជាធំបានក្រឡេកមើលទៅឃើញនាងឧប្បលវណ្ណាភិក្ខុនីកំពុងអង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើនីមួយ ។ លុះឃើញ ហើយ ចោរនោះក៏មានសេចក្តីត្រិះរិះថា បើប្រសិនណាពួកចោរជាកូន និងបងប្អូន អញឃើញនាងភិក្ខុនីនេះហើយ មុខជានឹងបៀតបៀននាងភិក្ខុនីនេះមិនខាន ( លុះគិតយ៉ាងនេះហើយ ) មេចោរក៏នាំពួកចោរទាំងនោះដើរទៅតាមផ្លូវដទៃវិញ វេលានោះឯង មេចោរនោះកាលបើដុំសាច់គេចម្ហិនរួចស្រេចហើយ ក៏យកសាច់ យ៉ាងល្អ ខ្ចប់នឹងស្លឹកឈើយកទៅព្យួរនឹងដើមឈើជិតនាងឧប្បលវណ្ណាភិក្ខុនី ហើយពោលថា នរណាមួយ ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី បានឃើញ ដុំសាច់ដែលអញទុកឲ្យនេះហើយ ចូរនាំយកទៅចុះ រួចហើយក៏ចេញដើរទៅ ។ នាងឧប្បលវណ្ណាភិក្ខុនីចេញពីសមាធិហើយ បានឮសំដីនេះរបស់មេចោរដែល កំពុងពោលនោះ ។ លំដាប់នោះ នាងឧប្បលវណ្ណាភិក្ខុនីក៏បានយកសាច់នោះ ទៅឯកន្លែងនៅរបស់ខ្លួន ។ វេលានោះឯង នាងឧប្បលវណ្ណាភ