អនិយតកណ្ឌ សិក្ខាបទទី ៧

ក្បាលទី 3 · ទំព័រ 141

សិក្ខាបទទី ៧ សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ( ភិក្ខុមានពួក ៦ ) ចូលទៅរកភិក្ខុដែលមានចីវរចោរដណ្តើមយកទៅ ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតដល់ភិក្ខុ មានចីវរដែលចោរដណ្តើមយកទៅក្តី ដែលមានចីវរវិនាសទៅក្តី ឲ្យសុំចីវរនឹង គហបតី ឬនឹងគហបតានី ដែលមិនមែនជាញាតិបាន ម្នាលអាវុសោ អ្នកទាំងឡាយចូរសុំចីវរទៅ ។ ពួកភិក្ខុដែលចោរដណ្តើមយកចីវរនោះឆ្លើយថា ណ្ហើយ អាវុសោ យើងបានចីវរហើយ ។ ពួកឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ យើងនឹងសុំឲ្យលោកដ៏មានអាយុទាំងឡាយ ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាល អាវុសោ អ្នកទាំងឡាយ ចូរសុំចុះ ។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុចូលទៅរកពួក គហបតីដែលមិនមែនជាញាតិ ហើយបានពោលពាក្យនេះថា ម្នាលអាវុសោ ភិក្ខុទាំងឡាយដែលមានចីវរចោរដណ្តើមយកទៅ ឥឡូវនេះលោកនិមន្តមក អ្នក ទាំងឡាយ ចូរប្រគេនចីវរដល់លោកទាំងនោះផងចុះ ហើយក៏សុំចីវរមានចំនួន ច្រើន ។ ក៏ក្នុងសម័យនោះឯង មានបុរសម្នាក់អង្គុយក្នុងរោងសម្រាប់ប្រជុំ បាន ពោលពាក្យនេះនឹងបុរសម្នាក់ថា លោកម្ចាស់ទាំងឡាយ ដែលមានចីវរចោរ ដណ្តើមយកទៅ ឥឡូវលោកនិមន្តមក ខ្ញុំបានប្រគេនចីវរដល់លោកម្ចាស់ទាំងនោះ ហើយ ។ បុរសនោះឯងពោលយ៉ាងនេះថា ខ្ញុំក៏បានប្រគេនចីវរដែរ ។ បុរសឯទៀតនិយាយយ៉ាងនេះថា ខ្ញុំក៏បានប្រគេនដែរ ។