តទុត្តរិសិក្ខាបទ
បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងតទុត្តរិសិក្ខាបទនោះ ដែលមានវិនិច្ឆ័យដូច្នេះថា អធិប្បាយ សិក្ខាបទវិភង្គនៃតទុត្តរិសិក្ខាបទ សព្ទថា អភិ ក្នុងបទថា អភិហដ្ឋុំ ជាឧបសគ្គ មានអត្ថថា ដើម្បីនាំទៅ មានពាក្យអធិប្បាយថា ដើម្បីកាន់យក ។ បទថា បវារេយ្យ សេចក្តីថា គប្បីឲ្យប្រាថ្នា គឺឲ្យកើតសេចក្តីប្រាថ្នា សេចក្តីពេញចិត្ត អធិប្បាយថា គប្បីប្រាប់ គឺគប្បីនិមន្ត ។ ដើម្បីសម្តែង អាការដែលអ្នកបវារណា ដើម្បីឲ្យនាំទៅ និងគប្បីពោល ទើបព្រះមានព្រះភាគ ត្រាស់បទភាជនៈនៃបទថា អភិហដ្ឋុំ យ៉ាងនេះថា លោកម្ចាស់ត្រូវការ ចីវរបុនណា ក៏សូមទទួលយកទៅបុណ្ណោះចុះ ។ ម្យ៉ាងទៀត ក្នុងបាទ គាថានេះ បទថា នេក្ខម្មំ ទដ្ឋុខេមតោ មានអត្ថថា ទិស្វា ( ឃើញហើយ ) យ៉ាងណា ពីរបទថា អភិហដ្ឋុំ បវារេយ្យ ក្នុងសិក្ខាបទនេះ ក៏មានអត្ថថា បុគ្គលនោះនាំមក ហើយបវារណា ដូច្នោះ ។ ការនាំមកក្នុងបទថា អភិហរិត្វា នោះ មាន ២ យ៉ាង គឺការនាំមក ដោយកាយ ១ ការនាំមកដោយវាចា ១ ។ បុរសម្ចាស់ផ្ទះក្តី ស្ត្រីម្ចាស់ផ្ទះក្តី ដែលមិនមែនញាតិនាំសំពត់ទាំងឡាយមកដោយកាយ ហើយដាក់ត្រង់ទីទៀប ជើង គប្បីបវារណាថា លោកម្ចាស់ត្រូវការចីវរបុនណា ក៏សូមទទួលយក ទៅបុណ្ណោះចុះ ។ ម្យ៉ាងទៀត គប្បីពោលបវារណា ដោយវាចាថា ឃ្លាំង សំពត់របស់ពួកខ្ញុំពេញបរិបូណ៌ លោកម្ចាស់ត្រូវការចីវរបុនណា ក៏សូមយក ទៅបុណ្ណោះចុះ ។ ក៏ព្រោះសរុបការនាំមកទាំងពីរនោះ ចូលជាមួយគ្នា ទ្រង់ ត្រាស់ហៅថា បវារណាដើម្បីនាំទៅ ។ បទថា សន្តរុត្តរបរមំ មានវិគ្គហៈថា សំពត់ឧត្តរាសង្គ និងអន្តរវាសកយ៉ាងក្រៃលែងនៃចីវរនោះ ហេតុនោះ ទើបចីវរនោះ ឈ្មោះថា មាន ឧត្តរាសង្គ និងអន្តរវាសកយ៉ាងក្រៃលែង ។ មានពាក្យ