អនិយតកណ្ឌ សិក្ខាបទទី ៨
សិក្ខាបទទី ៨ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តព្រះជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏ក្នុងសម័យនោះ បុរសម្នាក់បាន និយាយពាក្យនេះនឹងប្រពន្ធថា អញនឹងឲ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្តប់ចីវរ ។ កាលដែលបុរសនោះ កំពុងនិយាយពាក្យយ៉ាងនេះ ភិក្ខុជាអ្នកប្រព្រឹត្តបិណ្ឌបាត មួយអង្គបានឮ ( ពាក្យនោះច្បាស់ ) ។ ទើបភិក្ខុនោះចូលទៅរកព្រះឧបនន្ទដ៏ មានអាយុជាសក្យបុត្រ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទ ដ៏មានអាយុជាសក្យបុត្រថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នក មានបុណ្យច្រើន ( ព្រោះ ) ក្នុងឱកាសឯណោះ មានបុរសម្នាក់និយាយ ពាក្យនេះ នឹងប្រពន្ធថា អញនឹងឲ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្តប់ចីវរ ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បុរសនោះជាឧបដ្ឋាកខ្ញុំ ។ ព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្រ ចូលទៅរកបុរសនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុ ឮថា អ្នកមាន ប្រាថ្នានឹងឲ្យអាត្មាស្លៀកដណ្តប់ចីវរមែនឬ ។ បុរសនោះនិយាយថា មែន លោកម្ចាស់ ខ្ញុំគិតយ៉ាងនេះថា អញនឹងឲ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្តប់ ចីវរ ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បើអ្នកមានប្រាថ្នាឲ្យអាត្មាស្លៀក ដណ្តប់ចីវរ ចូរឲ្យអាត្មាស្លៀកដណ្តប់ចីវរបែបយ៉ាងនេះចុះ ( ព្រោះថា ) បើ អាត្មាមិនប្រើប្រាស់នូវចីវរណា អាត្មានឹងធ្វើខ្លួនឲ្យ ជាអ្នកស្លៀកដណ្តប់នូវចីវរ នោះដូចម្តេចបាន ។ ឯបុរសនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា