បឋមឧបក្ខដសិក្ខាបទ
បទថា តេន សមយេន ជាដើម ខ្ញុំនឹង ពោលក្នុងបឋមឧបក្ខដសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះថា ក្នុងបទថា អត្ថាវុសោ មំ សោ ឧបដ្ឋាកោ នេះ មានអត្ថយ៉ាងនេះថា លោកដ៏មានអាយុ បុរសដែលលោកនិយាយដល់ដែលមានសភាពបែបនេះ នោះ ជាឧបដ្ឋាករបស់ខ្ញុំ មាន ។ បទថា អបិមយ្យា ឯវំ ហោតិ សេចក្តីថា បពិត្រលោកម្ចាស់ ការពិត ខ្ញុំតាំងចិត្តទុកយ៉ាងនោះ ។ បាឋៈថា អបិមេយ្យា ឯវំ ហោតិ ប្រែថា បពិត្រលោកម្ចាស់ សូម្បីខ្ញុំក៏មានការគិតយ៉ាងនេះ ដូច្នេះក៏មាន ។ អធិប្បាយ សិក្ខាបទវិភង្គនៃបឋមឧបក្ខដសិក្ខាបទ បទថា ឧទ្ទិស្ស ដែលមាននៅក្នុងបទថា ភិក្ខុំ បនេវ ឧទ្ទិស្ស នេះ មានអត្ថថា អាងដល់ គឺប្រារព្ធដល់ ។ ព្រោះទ្រព្យសម្រាប់តម្លៃចីវរ ដែលគហបតីក្តី គហបតានីម្ចាស់ផ្ទះក្តី ត្រៀមរៀបចំទុកចំពោះភិក្ខុណា រាប់ថា ជាការដែលបុគ្គលនោះត្រៀមរៀបចំហើយ ដើម្បីប្រយោជន៍ដល់ភិក្ខុនោះ ដូច្នោះ ក្នុងបទភាជនៈនៃបទថា ភិក្ខុំ បនេវ ឧទ្ទិស្ស នោះ ទើបព្រះឧបាលី ពោលថា ដើម្បីប្រយោជន៍ដល់ភិក្ខុ ។ បទថា ភិក្ខុំ អារម្មណំ ករិត្វា បានដល់ ធ្វើភិក្ខុឲ្យជាបច្ច័យ ។ ពិត ហើយ ទ្រព្យតម្លៃចីវរដែលគហបតីក្តី គហបតានីក្តី ត្រៀមរៀបចំទុកចំពោះ ភិក្ខុណា រមែងឈ្មោះថា ត្រូវបានបុគ្គលធ្វើភិក្ខុនោះឲ្យជាបច្ច័យ បម្រុងទុក ដោយពិតប្រាកដនោះឯង ព្រោះហេតុនោះ ទើបពោលថា ធ្វើភិក្ខុឲ្យជាអារម្មណ៍ ។ សេចក្តីពិត សូម្បីបច្ច័យក៏មកហើយដោយឈ្មោះថា អារម្មណ៍ ក្នុងបទថា លភតិ មារោ អារម្មណំ ប្រែថា មាររមែងបានបច្ច័យ ដូច្នេះ ជាដើម ។ ឥឡូវនេះ ដើម្បីសម្តែងអាការរបស់កត្តា ( អ្នកធ្វើ ) ក្នុងបទថា ឧទ្ទិស្ស នេះ ទើបព្រះមានព្រះភាគត្រាស់ថា បំណងនឹងឲ្យភិក្ខុស្លៀកដណ្តប់ ។