កោសិយវគ្គ សិក្ខាបទទី ១
សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអគាឡវចេតិយ ទៀបក្រុងអាឡវី ។ ក៏ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុចូលទៅរក ពួកជនអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយចូរស្ងោរនាងទាំងឡាយឲ្យច្រើន នឹងឲ្យយើងខ្លះ យើងក៏ចង់ធ្វើ សន្ថ័តលាយដោយសូត្រដែរ ។ ជនអ្នកធ្វើសូត្រទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិន សមបើនឹងចូលទៅរកយើង ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ ទាំងឡាយ អ្នកទាំងឡាយចូរស្ងោរនាងឲ្យច្រើន នឹងឲ្យយើងខ្លះ យើងចង់ធ្វើ សន្ថ័តលាយដោយសូត្រដែរ ពួកយើងណាធ្វើសត្វមានជីវិតតូចៗ ជាច្រើនឲ្យដល់ នូវសេចក្តីវិនាស ព្រោះហេតុសេចក្តីចិញ្ចឹមជីវិតខ្លួន និងកូនប្រពន្ធ ពួកយើង ទាំងនោះ ឈ្មោះថាមិនមានលាភផង ឈ្មោះថាបានទ្រព្យដោយអាក្រក់ផង ។ ភិក្ខុទាំងឡាយបានឮពាក្យជនអម្បាលនោះពោលទោស តិះដៀល បន្តុះបង្អាប់ ហើយ ។ ភិក្ខុទាំងឡាយណាមានប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោល ទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងចូលទៅរក ជនអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ អ្នកទាំងឡាយ ចូរស្ងោរនាងឲ្យច្រើន នឹងឲ្យយើងខ្លះ យើងចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ ។ ភិក្ខុទាំងឡាយនោះក្រាបទូលដំណើរនុ៎ះ ដល់ព្រះដ៏មានព្រះភាគ ។ ព្រះអង្គ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយចូលទៅរកពួកអ្នកធ្វើសូត្រ