កោសិយវគ្គ សិក្ខាបទទី ៨
សិក្ខាបទទី ៨ សម័យនោះ សម្តេចព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ទ្រង់គង់ក្នុង អារាមវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះឯង ឧបនន្ទភិក្ខុ ដ៏មានអាយុ ជាសក្យបុត្រ ជាជីតុនរបស់ត្រកូលមួយ ជាអ្នកទទួលភត្តជានិច្ច ។ ខាទនីយក្តី ភោជនីយក្តី ឯណាមួយ កើតឡើងក្នុងត្រកូលនោះៗ តោងបែង ចំណែកអំពីនោះទុកឲ្យឧបនន្ទភិក្ខុសក្យបុត្រ ។ ក៏វេលានោះឯង ត្រកូលនោះ បានសាច់មកក្នុងវេលាល្ងាច ។ ត្រកូលនោះ បានបែងចំណែកសាច់នោះ ទុក ប្រគេនឧបនន្ទសក្យបុត្រដ៏មានអាយុ ។ ក្មេងតូចនៃត្រកូលនោះ ភ្ញាក់អំពីព្រលឹម ហើយស្រែកយំទារសាច់ថា ឲ្យសាច់មកខ្ញុំ ។ បុរសប្តីនោះ ទើបនិយាយនឹង ប្រពន្ធយ៉ាងនេះថា នាងចូរឲ្យចំណែកសាច់របស់លោកម្ចាស់ ដល់ក្មេងនេះទៅ យើងចាំទិញសាច់ដទៃប្រគេនលោកវិញ ។ វេលានោះ ឧបនន្ទសក្យបុត្រ ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រចីវរ ក្នុងសម័យព្រឹកព្រហាម ហើយដើរចូលទៅកាន់ត្រកូលនោះ លុះទៅដល់ហើយ បានអង្គុយលើអាសនៈ ដែលគេតាក់តែងបម្រុងទុក ។ បុរសនោះទើបចូលទៅរកឧបនន្ទសក្យបុត្រ ដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំឧបនន្ទសក្យបុត្រ ដ៏មាន អាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ កាលបុរសនោះ អង្គុយក្នុងទីដ៏សមគួរ ហើយ បាននិយាយនឹងឧបនន្ទសក្យបុត្រដ៏មានអាយុយ៉ាងនេះថា ព្រះករុណា ខ្ញុំករុណាបានសាច់ក្នុងពេលល្ងាចម្សិលមិញ ខ្ញុំបានបែងចំណែកសាច់ នោះទុក ប្រគេនលោកម្ចាស់ បពិត្រលោកម្ចាស់ ក្មេងតូចនេះភ្ញាក់អំពីព្រលឹម