សាសង្កសិក្ខាបទ
បទថា តេន សមយេន ជាដើម ខ្ញុំនឹងពោលក្នុងសាសង្កសិក្ខាបទនោះ ដូចមានវិនិច្ឆ័យតទៅនេះថា ពីរបទថា វុដ្ឋវស្សា អារញ្ញកេសុ សេចក្តីថា ភិក្ខុទាំងឡាយនោះ សូម្បីកាលមុនក៏នៅក្នុង ព្រៃដូចគ្នា ។ តែភិក្ខុទាំងនោះ នៅចាំវស្សាក្នុងសេនាសនៈជិតស្រុកភូមិ ដោយអំណាចនៃបច្ច័យ ព្រោះជាអ្នកមានចីវរទុព្វល ជាអ្នកមានចីវរសម្រេច ហើយ ពិភាក្សាគ្នាថា ឥឡូវនេះ ពួកយើងអស់បលិពោធហើយ នឹងធ្វើ សមណធម៌ ទើបនាំគ្នានៅក្នុងសេនាសនៈព្រៃ ។ បទថា កត្តិកចោរកា បានដល់ ពួកចោរក្នុងខែកត្តិក ។ បទថា បរិបតេន្តិ សេចក្តីថា រមែងបៀតបៀន គឺរត់ខ្វាត់ខ្វែងទៅមក ក្នុងទីនោះ ហើយធ្វើឲ្យភ័យខ្លាច ឲ្យគេចទៅ ។ ពីរបទថា អន្តរឃរេ និក្ខិបិតុំ បានដល់ ដើម្បីទុកដាក់ខាងក្នុងស្រុក ។ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យទុកដាក់ក្នុងចន្លោះស្រុក ដើម្បីរក្សា ចីវរទុក ព្រោះធម្មតាថា បច្ច័យទាំងឡាយជារបស់រកបានលំបាក ដោយត្រឹមត្រូវ តាមធម៌ ពិតហើយ ភិក្ខុអ្នកមានការដុសខាត់ មិនអាចដើម្បីនឹងសូមចីវរ សូម្បីនឹងមាតា ។ តែព្រះអង្គទ្រង់មិនហាមការនៅព្រៃ ព្រោះជាការសមគួរ ដល់ភិក្ខុទាំងឡាយ ។ ក្នុងបទថា ឧបវស្សំ ខោ បន នេះ មានវិនិច្ឆ័យដូចតទៅនេះថា បទថា ឧបវស្សំ គឺចូលហើយ មានពាក្យអធិប្បាយថា ចូលចាំវស្សាហើយ ។ ពិតហើយ បណ្ឌិតគប្បីឃើញនិគ្គហិត ក្នុងពាក្យថា ឧបវស្សំ នេះ ដូចក្នុង បទ មានបទថា ឧបសម្បជ្ជំ ជាដើម ។ សេចក្តីថា ចូលដល់រដូវភ្លៀង និងនៅហើយ ( ចូលចាំវស្សា និងបវារណាហើយ ) ។