មុសាវាទវគ្គ សិក្ខាបទទី ១

ក្បាលទី 3 · ទំព័រ 426

បចិត្តិយកណ្ឌ បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាចិត្តិយ ៩២ ទាំងនេះឯង តែងមកកាន់ឧទ្ទេស ។ មុសាវាទវគ្គ សិក្ខាបទទី ១ សម័យនោះ ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ព្រះអង្គ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យ នោះឯង ហត្ថកភិក្ខុជាសក្យបុត្រ ជាអ្នកហុចពាក្យសម្តី ។ ហត្ថកភិក្ខុនោះ ចរចាជា មួយនឹងតិរ្ថិយទាំងឡាយ គេចកែសម្តីហើយ ទទួលដឹងហើយ ទទួលដឹង ហើយ ត្រឡប់គេចកែសម្តីវិញ បិទបាំងហេតុដទៃដោយហេតុដទៃ ពោលពាក្យ កុហកដោយដឹងខ្លួន ធ្វើនូវសេចក្តីកំណត់ហើយ ពោលឲ្យខុសពីកំណត់នោះ វិញ ។ តិរ្ថិយទាំងឡាយពោលទោសតិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វីបានជា ហត្ថកភិក្ខុជាសក្យបុត្រ ពោលចរចាជាមួយនឹងយើងទាំងឡាយ គេចកែសម្តី ហើយទទួលដឹង ទទួលដឹងហើយ ត្រឡប់គេចកែសម្តីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្តីកំណត់ហើយ ពោលឲ្យខុសពីកំណត់នោះវិញ ។ ភិក្ខុទាំងឡាយ បានឮតិរ្ថិយទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ទើបភិក្ខុទាំងនោះ ចូលទៅរក ហត្ថកភិក្ខុជាសក្យបុត្រ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹង ហត្ថកភិក្ខុជាសក្យបុត្រថា ម្នាលអាវុសោហត្ថកៈ បានឮថា អ្នកពោលចរចា មួយអន្លើដោយ តិរ្ថិយទាំងឡាយ គេចកែសម្តីហើយទទួលដឹង ទទួលដឹងហើយត្រ ឡប់គេចកែសម្តីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហក ដោយដឹងខ្លួន ធ្វើនូវសេចក្តីកំណត់ហើយ ពោលឲ្យខុសពីកំណត់នោះវិញ មែនឬដូចម្តេច ។ ហត្ថកភិក្ខុឆ្លើយថា ម្នាលអាវុសោ ធម្មតាតិរ្ថិយទាំងឡាយនុ៎ះ ត្រូវតែបុគ្គលឯណានីមួយផ្ចាញ់ផ្ចាលចេញ មិនត្រូវឲ្យការឈ្នះទៅតិរ្ថិយទាំងឡាយនោះទេ ។