បទភោជនីយនៃមុសាវាទសិក្ខាបទ

ក្បាលទី 3 · ទំព័រ 441

ការបន្លឺវាចាដែលមានការយល់គ្នាថា ជាពាក្យពោល ឈ្មោះថា វចីភេទ ។ វាចាមានប្រភេទផ្សេងៗ គ្នានោះឯង លោកហៅយ៉ាងនេះ ( ថា វចីភេទ ) ។ វចីវិញ្ញត្តិ ឈ្មោះថា វិញ្ញត្តិដែលប្រព្រឹត្តទៅតាមវាចា ។ ដោយអាការ យ៉ាងនេះ អ្នកសិក្សាគប្បីជ្រាបថា ដោយបទដំបូង ព្រះឧបាលីពោលត្រឹមតែ ចេតនាសុទ្ធ ដោយ ៣ បទត្រង់កណ្តាល ពោលចេតនាដែលប្រកបដោយ សំឡេង ដែលតាំងឡើងដោយចេតនានោះ ឯ ១ បទចុងក្រោយ ពោល ចេតនាដែលប្រកបដោយវិញ្ញត្តិ ។ វោហារ ( ពាក្យសម្តី ) របស់ពួកជនដែលមិនមែនព្រះអរិយៈ គឺពួក ពាលបុថុជ្ជន ឈ្មោះថា អនរិយវោហារ ។ អធិប្បាយ បទភាជនីយនៃមុសាវាទសិក្ខាបទ ព្រះឧបាលី កាលសម្តែងសម្បជានមុសាវាទយ៉ាងនេះហើយ ឥឡូវនេះ កាលនឹងសម្តែងលក្ខណៈនៃអនរិយវោហារ ដែលរាប់ជាសម្បជានមុសាវាទ ដែលពោលទុកខាងចុង ទើបពោលពាក្យថា អទិដ្ឋំ នាម ជាដើម ដូច្នេះ ។ ក្នុងបទថា អទិដ្ឋំ ជាដើមនោះ បណ្ឌិតគប្បីជ្រាបថា ដោយន័យនេះ ថា ពាក្យសម្តីក្តី ចេតនាជាហេតុញ៉ាំងពាក្យសម្តីនោះឲ្យប្រាកដឡើងក្តី របស់ ភិក្ខុដែលពោលរឿងខ្លួនមិនឃើញយ៉ាងនេះថា ខ្ញុំឃើញ ឈ្មោះថា អនរិយ- វោហារម្យ៉ាង ។ ម្យ៉ាងទៀត បណ្ឌិតគប្បីជ្រាបសន្និដ្ឋានក្នុងពាក្យថា អទិដ្ឋំ ទិដ្ឋំ មេ ជាដើមនេះថា អារម្មណ៍ដែលខ្លួនមិនបានទទួល ដោយអំណាចនៃចក្ខុ ឈ្មោះថា មិនឃើញ ដែលមិនបានទទួលដោយអំណាចនៃសោតៈ ឈ្មោះថា មិនបានឮ ដែលមិនបានទទួលធ្វើឲ្យដូចទាក់ទងគ្នានឹងឥន្ទ្រិយ ៣ ដោយអំណាចនៃឃានិន្ទ្រិយជាដើម ឈ្មោះថា មិនដឹង ដែលវិញ្ញាណសុទ្ធតែម្យ៉ាងក្រៅពីឥន្ទ្រិយ ៥ មិនបានទទួល ឈ្មោះថា មិនដឹង ។