មុសាវាទវគ្គ សិក្ខាបទទី ២

ក្បាលទី 3 · ទំព័រ 446

សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ កាលគង់នៅក្នុងវត្ត ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ឈ្លោះនឹងភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោតភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ គឺ ជេរប្រទេច ដោយជាតិខ្លះ ឈ្មោះខ្លះ គោត្រខ្លះ ការងារខ្លះ សិល្ប៍ស្រាស្តខ្លះ អាពាធខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្តិខ្លះ ពាក្យជេរដ៏ថោកទាបខ្លះ ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុដូចម្តេច ក៏បានជាឆព្វគ្គិយភិក្ខុទាំងឡាយឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោតភិក្ខុទាំងឡាយដែលមាន សីលជាទីស្រឡាញ់ គឺ ជេរប្រទេច ដោយជាតិខ្លះ ឈ្មោះខ្លះ គោត្រខ្លះ ការងារខ្លះ សិល្ប៍ស្រាស្តខ្លះ អាពាធខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្តិខ្លះ ពាក្យជេរដ៏ថោកទាបខ្លះ ។ ភិក្ខុទាំងនោះ យកសេចក្តីនុ៎ះក្រាបទូលដល់ព្រះដ៏ មានព្រះភាគ ។ ព្រះបរមគ្រូត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នក ទាំងឡាយឈ្លោះនឹងភិក្ខុទាំងឡាយ ដែលមានសីលជាស្រឡាញ់ពោលចាក់ដោត ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ គឺជេរប្រទេច ដោយជាតិខ្លះ ឈ្មោះខ្លះ គោត្រខ្លះ ការងារខ្លះ សិល្ប៍ស្រាស្តខ្លះ អាពាធខ្លះ ភេទខ្លះកិលេស ខ្លះ អាបត្តិខ្លះ ពាក្យជេរដ៏ថោកទាបខ្លះ ពិតមែនឬ ។ ឆព្វគ្គិយភិក្ខុ ទាំងនោះក៏ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន ។ ព្រះ